ក្រសួងដែនដី អោយដឹងថា សំណង់ខុសច្បាប់ទាំងអស់ នៅតំបន់ការពាររមណីយដ្ឋានអង្គរ ត្រូវរុះរើ ចេញជាដាច់ខាត


 (សៀមរាប)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសចាត់វិធានការយ៉ាងម៉ឹង ម៉ាត់ និងគ្មានការអនុគ្រោះនោះឡើយ ចំពោះសំណង់ខុសច្បាប់ទាំងឡាយនៅក្នុងតំបន់ការពារ រមណីយដ្ឋានអង្គរ។ ក្រសួង ក៏បានបញ្ជាឱ្យម្ចាស់សំណង់ខុសច្បាប់ទាំងអស់ នៅក្នុងរមណីយដ្ឋាន អង្គរត្រូវរុះរើចេញ។

ការប្រកាសនេះ បានធ្វើឡើងក្នុងពិធីបើកយុទ្ធនាការទ្រង់ទ្រាយធំចុះវាស់វែង កំណត់និយាមកា ក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដីនិងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ។ ពិធីបានធ្វើឡើងក្រោមអធិបតីភាព លោកឧនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់ ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់ អាជ្ញាធរជាតិអប្សរា។

ពិធីនេះ ក៏មានការចូលរួមពីលោកជំទាវ បណ្ឌិតសភាចា្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុប្រធានក្រុមការងារតម្រង់ទិស លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងជាអនុប្រធានក្រុមការងារតម្រង់ទិស និង លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រម ទាំងក្រុមការងារពាក់ព័ន្ធជាច្រើនរូបទៀត។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើឡើងបន្ទាប់ពីពិធី បើកយុទ្ធនាការនេះ បានគូសរំលេចពីការបើកនូវយុទ្ធនាការ និងចំណាត់ការមួយយ៉ាងម៉ឺងម៉ាត់ក្នុង ការរំដោះយកដីក្នុងតំបន់ការពាររមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់ អាជ្ញាធរអប្សរា។

ក្នុងសេចក្តីប្រកាសព័ត៌មានបានគូសរំលេចថា កម្ពុជាក្នុងនាមរដ្ឋសមាជិក មានភារកិច្ចរក្សាការពារ តំបន់រមណីយដ្ឋានអង្គរ ដែលជាមរតកកេរ្តិ៍ដូនតា ជាអត្តសញ្ញាណ និងដួងព្រលឹងរបស់ជាតិ ក៏ដូច ជាតម្លៃជាសកលនៃសម្បត្តិបេតិកភណ្ឌពិភពលោកសម្រាប់មនុស្សជាតិទាំងមូល។ ក្នុងសេចក្តីប្រកាសព័ត៌មាន ក៏បានសង្កត់ធ្ងន់ទៀតថា តំបន់រមណីយដ្ឋានអង្គរ ដែលបានចុះបញ្ជីក្នុង សម្បត្តិបេតិកភណ្ឌពិភពលោកឆ្នាំ១៩៩២ មានទំហំ ៤០១គីឡូម៉ែត្រការ៉េ ជាតំបន់ដែលចាត់ទុក ជាសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវរក្សាការពារដាច់ខាត មិនអាចកាត់ឆ្វៀលបានឡើយ។

តាមរយៈសេចក្តីប្រកាសព័ត៌មាននេះ ក្រសួងរៀបចំដែនដី បានលើកបង្ហាញថា នាដើមឆ្នាំ២០២២ មានអ្នកឆ្លៀតឱកាសសាងសង់សំណង់ខុសច្បាប់រាប់រយករណី បន្ថែមពីលើករណីសំណង់ខុសច្បាប់ ជាច្រើនទៀតដែលបានរំលោភបំពាន នាពេលកន្លងមក ក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ។

ក្រសួងបានដាក់លក្ខខណ្ឌដាច់ណាត់ឱ្យម្ចាស់សំណង់ខុសច្បាប់ទាំងអស់នេះ ត្រូវរុះរើចេញជាបន្ទាន់ ដោយផ្ទាល់ខ្លួន។ ទន្ទឹមនេះ រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បន្តចាត់វិធានការទប់ ស្កាត់ការសាងសង់ រុះរើសំណង់ខុសច្បាប់ ហាមឃាត់ការទិញលក់ដីនិងផ្ទះគ្រប់ប្រភេទ និងមិនផ្តល់ លិខិតគតិយុត្តផ្សេងៗ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ជាដាច់ខាត។

ក្នុងពិធីបើកយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និង សំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់ អាជ្ញាធរជាតិអប្សរា លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានឱ្យដឹងថា ក្នុងឧទ្យានជាតិអង្គរសព្វថ្ងៃ មានសំណង់ខុសច្បាប់ជាង ៨ពាន់ករណី។ រយៈពេល៣ខែចុងក្រោយនេះ សំណង់ខុសច្បាប់ថ្មី កើតឡើងសរុប ៣៩៨ករណី ក្នុងនោះបានរុះរើចេញចំនួន ជាង ២០០ករណី។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានព្រមានចាត់វិធានការច្បាប់ ចំពោះអ្នកចេញតវ៉ាការ ពារសំណង់ខុសច្បាប់ទាំងនេះផងដែរ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ក្នុង ការរក្សាតំបន់បេតិកភណ្ឌអង្គរតាមលក្ខខណ្ឌរបស់អង្គកាយូណេស្កូកំណត់។ លក្ខខណ្ឌរបស់អង្គកាយូណេស្កូ ទាមទារឱ្យកម្ពុជា ជាម្ចាស់សម្បត្តិរមណីយដ្ឋានអង្គរ ត្រូវរក្សាឱ្យនូវ ទម្រង់ និងលក្ខខណ្ឌទាំងឡាយ បើមិនដូច្នោះទេរមណីយដ្ឋានអង្គរអាចនឹងត្រូវដកចេញពីបញ្ជី សម្បត្តិបេតិកភណ្ឌពិភពលោក។

ឈរលើស្មារតីនេះ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេច ក្តីសម្រេចបង្កើតក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់ រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ដោយឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជាប្រធាន លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម ទៀ សីហា អភិបាលខេត្ត សៀមរាប ជាអនុប្រធាន អមដោយសមាជិក ១០រូបផ្សេងទៀត ដើម្បីចុះវ៉ាស់វែង កំណត់អត្ត សញ្ញាណដី និងបោសសំអាតសំណង់ខុសច្បាប់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា៕