ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងការ ងារ និងខុទ្ទកាល័យសម្ដេចតេជោផ្ទាល់ដោះស្រាយរឿងបញ្ហា និងបើកប្រាក់ឈ្នួលជូនកម្មករ៤០០ នាក់នៃរោងចក្រឃែន ធើរេន អឹលភែរឹល (ខេមបូឌា) ឱ្យបានគ្រប់គ្នា បន្ទាប់សម្ដេចដឹងថាថៅកែ រោងចក្រនេះមិនបើកប្រាក់ឈ្នួលជូនកម្មកររបស់ខ្លួនច្រើនខែមកហើយ។
ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅយប់មិញ (យប់ថ្ងៃទី១៦ សីហា) សម្ដេច បានមើលព័ត៌មានមុនចូលសម្រាលក៏ឃើញព័ត៌មានផ្សាយអំពីបញ្ហារបស់កម្មកររោងចក្រមួយកន្លែងដែលថៅកែរត់ចោល ដោយមិនបើកប្រាក់ឈ្នួលជូនពួកគេ ហើយរោងចក្រនោះក៏បានបិទទ្វារ ទៅទៀត។ សម្ដេចតេជោបានបន្តថា កម្មករទាំងនោះបានដាក់ញត្តិស្នើឱ្យជួយដោះស្រាយទៅកាន់ ក្រសួងការងារ ប៉ុន្តែជិត២ខែមកហើយកម្មករទាំងនោះនៅតែមិនទាន់ទទួលបានចម្លើយ ឬដំណោះ ស្រាយណាមួយសោះហើយក៏បានដាក់ញត្តិទៅកាន់ខុទ្ទកាល័យសម្ដេចតេជោនាយករដ្ឋមន្ត្រីថែមទៀត។ឆ្លើយតបនឹងបញ្ហានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងការងារ លោក អ៉ិត សំហេង ឱ្យប្រញាប់ដោះស្រាយបញ្ហាជូនកម្មករជាង៤០០នាក់នោះ និងបើកប្រាក់ឈ្នួលជូន ពួកគេ កុំឱ្យពួកគេត្រាំត្រែងនឹងបញ្ហាតទៅទៀត។
សម្ដេចតេជោក៏បានលើកជាយោបល់ឱ្យ ឯកឧត្តម រដ្ឋមន្ត្រី អ៊ិត សំហេង ស្នើខ្ចីថវិកាពីរាជរដ្ឋាភិបាល ដើម្បីយកទៅបើកប្រាក់ឈ្នួលជូនកម្មករជាមុនសិន សឹមចាត់វិធានការដោះស្រាយជាមួយថៅកែរោង ចក្រតាមក្រោយ ដើម្បីរួសរាន់ដោះស្រាយបញ្ហាជូនកម្មករដែលកំពុងជួបការខ្វះខាត និងត្រូវការថវិកា ប្រើប្រាស់ចាយវាយប្រចាំថ្ងៃ។
សម្ដេចថ្លែងយ៉ាងដូច្នេះថា «កាលលើកមុនខ្ញុំឱ្យខ្ចីលុយរាជរដ្ឋាភិបាលយកទៅដោះស្រាយឱ្យកម្មករ ហេតុអីរឿងនេះបានជាមិនដោះ (សំដៅទៅកាន់លោក អ៉ិត សំហេង)។ ឥឡូវ ទៅខ្ចីលុយរាជរដ្ឋាភិ បាលយកទៅដោះស្រាយឱ្យកម្មករទាំងនោះសិនទៅ រួចហើយចាំដោះស្រាយជាមួយក្រុមហ៊ុននោះ តាមក្រោយ»។
បណ្តាញសារព័ត៌មានក្នុងស្រុកមួយ បានទាក់ទងទៅកាន់ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការនិង ជាអ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីសុំការបញ្ជាក់បន្ថែមជុំវិញបញ្ហានេះ ដោយលោកបានបញ្ជាក់បន្ថែមថា រោងចក្រឃែន ធើរេន អឹលភែរឹល (ខេមបូឌា) មានកម្មករចំនួន ប្រមាណ៤០០នាក់ ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យ រាជធានីភ្នំពេញ។
មូលហេតុដែលរោងចក្រមិនបើកប្រាក់ឈ្នួលជូនកម្មករយ៉ាងដូច្នេះ គឺដោយសារក្រុមហ៊ុនក្ស័យធន ហើយថៅកែរត់ចោលកម្មករ។ លោក ហេង សួរ ថ្លែងថា «មូលហេតុគឺថៅកែប្រកាសក្ស័យធន ហើយ រត់ចោលកម្មករ រីឯការទៅបើកថ្មីឬយ៉ាងម៉េចគឺស្ថាប័នពាក់ព័ន្ធកំពុងស្រាវជ្រាវបន្ត»។
ចំពោះវិធានការដោះស្រាយបញ្ហាជូនកម្មករតាមប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ ត្រូវបានលោកអ្នកនាំពាក្យបញ្ជាក់ថា ក្រោយទទួលបានការណែនាំពីសម្ដេចតេជោ ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងការងារកំពុងរៀបចំចាត់ចែងអនុវត្តយ៉ាងបន្ទាន់ ដើម្បីសម្រេចឱ្យបានចប់សព្វគ្រប់នៅក្នុង សប្តាហ៍នេះ។
គួរជម្រាបថា ពាក់ព័ន្ធនឹងការដាក់ញត្តិរបស់កម្មករដែលធ្លាប់បម្រើការនៅរោងចក្រឃែន ធើរេន អឹលភែរឹល (ខេមបូឌា) ទៅកាន់ស្នាក់ការខុទ្ទកាល័យសម្តេចតេជោ គឺធ្វើឡើងនាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ដោយមានកម្មកររោងចក្រប្រមាណ៥០នាក់ តំណាងដោយលោកស្រី សាន់ បុប្ផា។ ពួកគេបានមកសួរនាំញត្តិចាស់បានដាក់កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ស្ដីពីការសុំអន្តរាគមន៍ បញ្ហាថៅកែមិនបើកប្រាក់បៀវត្ស និងអត្ថប្រយោជន៍ផ្សេងៗជូនពួកគាត់ពីរោងចក្រឃែន ធើរេន អឹលភែរឹល (ខេមបូឌា)។នាពេលនោះដែរ ខាងតំណាងខុទ្ទកាល័យសម្ដេចតេជោក៏បានទៅជួប តំណាងកម្មករដែលយកញត្តិទៅដាក់នោះ ដោយប្រាប់ខាងកម្មករឱ្យត្រឡប់ទៅវិញសិនចុះ តែក៏បាន ណែនាំឱ្យតំណាងកម្មករដដែលចាត់តំណាង៤នាក់ (ស្រី១នាក់) មកជួបតំណាងខុទ្ទកាល័យសម្ដេច តេជោរូបនោះនៅពេលក្រោយ ដើម្បីដោះស្រាយបន្ត៕