(ម៉ានីល)៖ យោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១២ ខែ សីហា ឆ្នាំ២០២២ បញ្ជាក់ថា មេធាវីរបស់អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) បានិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា លោក ឌូតឺតេ នឹងមិនសហការ លើការស៊ើបអង្កេតសង្រ្គាមប្រឆាំងគ្រឿងញៀន របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ឡើយ ដោយទទូចថាតុលាការមួយនេះ មិនមានយុត្តាធិការ នៅក្នុងប្រទេសហ្វីលីពីននោះទេ។
ថ្មីៗនេះ ICC បានអនុញ្ញាតឲ្យមានការស៉ើបអង្កេតពេញលេញ លើប្រតិបត្តិការបង្រ្កាបគ្រឿងញៀន របស់លោក ឌូតឺតេ។ មេធាវីរបស់អតីតប្រធានាធិបតីហ្វីលីពីនរូបនេះ គឺ លោក សាវ៉ាឌ័រ ប៉ាណេឡូ (Salvador Panelo) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកយ៉ាងដូច្នេះថា «លោក ឌូតឺតេ មិនសហ ការតាំងពីដំបូងនៅពេលដែលទីក្រុងម៉ានីល បានសម្រេចដកខ្លួនចេញលក្ខន្តិកៈទីក្រុងរ៉ូម ដូច្នេះ ICC លែងមានយុត្តាធិការលើប្រទេសហ្វីលីពីនទៀតហើយ។ រីឯរដ្ឋាភិបាលហ្វីលីពីននឹងមិនអនុញ្ញាតឲ្យសមាជិក ICC ណាម្នាក់មកប្រមូលព័ត៌មាន និងភស្តុតាង ក្នុងប្រទេសរបស់ខ្លួនឡើយ ហើយពួកគេនឹងត្រូវហាមឃាត់មិនឲ្យចូលមកហ្វីលីពីនតែម្តង»។
គួរបញ្ជាក់ថា លោក Duterte បានរិះគន់ម្តងហើយម្តងទៀត លើតុលាការឧក្រិដ្ឋកម្មតែមួយគត់របស់ ពិភពលោកនេះ និងប្តេជ្ញាមិនសហការលើការស៊ើបអង្កេតមកលើរូបលោកទេ។ ទិន្នន័យផ្លូវការចុងក្រោយរបស់រដ្ឋាភិបាលហ្វីលីពីន បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សយ៉ាង ហោច ៦,១៨១នាក់ ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀន ដែលធ្វើឡើងចាប់តាំងពីខែ កក្កដា ឆ្នាំ២០១៦៕