សហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី និងអូស្ត្រាលីធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិត ចំពេលមានការកើនឡើង សកម្មភាពយោធានៅដែនសមុទ្រចិន


 (ហ្សាកាតា)៖  យោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០២២ អោយដឹងថា ទាហានអាមេរិក ឥណ្ឌូនេស៊ី និងអូស្ត្រាលី បានចូលរួមសមយុទ្ធបាញ់គ្រាប់ ពិតកាលពីថ្ងៃសុក្រ ដែលជាផ្នែកនៃសមយុទ្ធប្រយុទ្ធរួមគ្នាប្រចាំឆ្នាំនៅលើកោះស៊ូម៉ាត្រា ចំពេលមាន ការកើនឡើងសកម្មភាពយោធា នៅដែនសមុទ្រចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

សមយុទ្ធនៅឆ្នាំនេះមានសកម្មយុទ្ធជាង ៥,០០០នាក់បានចូលរួម ដែលមកពីសហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី អូស្ត្រាលី ជប៉ុន និងសិង្ហបុរី ដែលជាសមយុទ្ធដ៏ធំបំផុតចាប់តាំងពីវាបានចាប់ផ្តើម ក្នុងឆ្នាំ២០០៩។

សមយុទ្ធដែលបានពង្រីកខ្លួននេះត្រូវបានចិនមើលឃើញថា ជាការគំរាមកំហែង។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានកសាងសម្ព័ន្ធភាពឥណ្ឌូប៉ាស៊ី ហ្វិកស្រដៀងនឹងអង្គការណាតូ ដើម្បីទប់ស្កាត់ឥទ្ធិពលយោធា និងការទូតដែលកំពុងកើនឡើងរបស់ ចិននៅក្នុងតំបន់។

ចក្រភពអង់គ្លេស កាណាដា បារាំង ឥណ្ឌា ម៉ាឡេស៊ី កូរ៉េខាងត្បូង នូវែលសេឡង់ ប៉ាពួញូហ្គីណេ និងទីម័រខាងកើត ក៏បានបញ្ជូនអ្នកសង្កេតការណ៍ទៅចូលរួមសមយុទ្ធ ដែលបានចាប់ផ្តើមនៅដើម ខែនេះ៕