(ហាណូយ)៖ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានប្រាប់អោយដឹងថា អនុរដ្ឋមន្ត្រីឧស្សាហកម្ម វៀតណាមបានឱ្យដឹងនៅថ្ងៃពុធថា ប្រទេសវៀតណាម នឹងត្រូវការការវិនិយោគពី ៨ប៊ីលានដុល្លារ ទៅ ១៤ប៊ីលានដុល្លារក្នុងមួយឆ្នាំរហូតដល់ឆ្នាំ២០៣០ ដើម្បីអភិវឌ្ឍរោងចក្រថាមពលថ្មី និងពង្រីក បណ្តាញអគ្គិសនីរបស់ខ្លួន។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង ពាណិជ្ជកម្មវៀតណាមលោក Dang Hoang An ដែលបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងចំណោមទឹកប្រាក់ទាំងនេះ ៧៥ភាគរយនឹងត្រូវចំណាយលើរោងចក្រថាមពលថ្មី ដោយផ្តល់ អាទិភាពដល់ប្រភពកកើតឡើងវិញ និង ២៥ភាគរយនឹងត្រូវចំណាយលើការពង្រីកបណ្តាញ អគ្គិសនី។
លោករដ្ឋមន្ត្រីថ្លែងថាប្រទេសវៀតណាមនឹងស្វែងរកការប្រមូលមូលនិធិពីវិនិយោគិនឯកជនសម្រាប់គម្រោងថាមពលថ្មីនេះ តែលោកមិនបានផ្តល់ព័ត៌មានលម្អិតឡើយ។
វៀតណាម ដែលជាមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់ ត្រូវការបង្កើនសមត្ថភាពផលិតថាមពលរបស់ ខ្លួនប្រហែល ១០ភាគរយក្នុងមួយឆ្នាំ ដើម្បីគាំទ្រដល់សេដ្ឋកិច្ចដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងចំនួនប្រជាជនរបស់ខ្លួន។
លោក An បានបន្តថា ប្រទេសវៀតណាមដែលបានសន្យាកាលពីឆ្នាំមុនថានឹងក្លាយជា ប្រទេស អព្យាក្រិតកាបូននៅត្រឹមឆ្នាំ២០៥០នឹងបង្កើនសមត្ថភាពផលិតថាមពលខ្យល់នៅក្នុងសមុទ្រប្រទេស ខ្លួន ៧ជីហ្គាវ៉ាត់ (GW) នៅឆ្នាំ២០៣០ និងដល់ ៦៥ GW នៅឆ្នាំ២០៤៥ ខណៈពេលដែលកាត់ បន្ថយសមាមាត្រនៃធ្យូងថ្មនៅក្នុងល្បាយថាមពលរបស់ខ្លួន។
លោក An បានមានប្រសាសន៍ថា៖ «វៀតណាមនឹងមិនបន្ថែមរោងចក្រថាមពលដើរដោយធ្យូងថ្មថ្មី ទៅក្នុងផែនការអភិវឌ្ឍថាមពលមេរបស់ខ្លួនទេ ហើយនឹងត្រឹមតែបន្តដំណើរការគម្រោងធ្យូងថ្មដែល កំពុងសាងសង់រហូតដល់ឆ្នាំ២០៣០ប៉ុណ្ណោះ»៕