(សេអ៊ូល)៖ យោងតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃ ព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០២២ ប្រាប់ថា ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺអ្នកនាង គីម យូចុង បានគំរាមកម្ទេចអាជ្ញាធរនៅក្នុងប្រទេសកូរ៉េខាងត្បូង ប្រសិនបើពួកគេបន្តបង្ក រឿងតាមរយៈការបញ្ជូនវីរុសកូរ៉ូណាកូវីដ១៩ ចូលទឹកដីកូរ៉េខាងជើង។
ការគំរាមរបស់អ្នកនាង គីម យូចុង ត្រូវបានដកស្រង់ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាង ជើង KCNA និងជាការឆ្លើយតបទៅនឹងទង្វើដែលអ្នកនាងផ្ទាល់ ចោទថាអាជ្ញាធរកូរ៉េខាងត្បូងបាន បញ្ជូនវីរុសកូរ៉ូណាកូវីដ១៩តាមរយៈការបើកដៃឱ្យក្រុមសកម្មជនកូរ៉េខាងត្បូងបង្ហោះខិតប័ណ្ណរិះគន់របបដឹកនាំលោក គីម ជុងអ៊ុន ចូលក្នុងប្រទេសកូរ៉េខាងជើង។ ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងរូបនេះបានគូសបញ្ជាក់ដូច្នេះថា «យើងមិនអាចនៅស្ងៀមដោយបណ្ដោយឱ្យសំរាមបន្តហូរ ពីកូរ៉េខាងត្បូងទៀតនោះទេ ហើយនឹងកម្ទេចអាជ្ញាធរសេអ៊ូល ប្រសិនបើពួកគេនៅ តែបង្ករឿងបែបនេះ។ វិធានការឆ្លើយតបរបស់យើងគឺជាការសងសឹក ដ៏សាហាវបំផុត»។
ឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់អ្នកនាង គីម យូចុង អាជ្ញាធរកូរ៉េខាងត្បូងបានបង្ហាញការ សោកស្ដាយជាខ្លាំងចំពោះការចោទប្រកាន់របស់អ្នកនាង គីម យូចុងដែលបានទម្លាក់កំហុសលើ ខិតប័ណ្ណដែលក្រុមសកម្មជនកូរ៉េខាងត្បូងបង្ហោះតាមបាឡុងចូលកូរ៉េខាងជើងជាមូលហេតុនៃការឆ្លងរាលដាលកូវីដ១៩។
គួរបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃព្រហស្បតិ៍នេះដែរ បានប្រកាសពីជ័យ ជម្នះក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ហើយបានបញ្ជាឱ្យ លុបចោលវិធាន ការទប់ស្កាត់នានាដែលបានដាក់ចេញកាលពីខែឧសភាកន្លងទៅ៕