អង់គ្លេស កោះហៅឯកអគ្គរដ្ឋទូតចិនដើម្បីសួរនាំពីសកម្មភាពរបស់ ទីក្រុងប៉េកាំងជុំវិញកោះតៃវ៉ាន់


 (ឡុងដ៍)៖  យោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss នៅថ្ងៃពុធ ទី១០ ខែសីហា បានកោះហៅឯកអគ្គរដ្ឋទូតចិន​ ប្រចាំនៅអង់គ្លេស លោក Zheng Zeguang ឱ្យពន្យល់ពី សកម្មភាពរបស់ទីក្រុងប៉េកាំង ជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភា អាមេរិក លោកស្រី Nancy Pelosi។

ប្រទេសចិនបានបន្តសមយុទ្ធដ៏ធំបំផុតមិនធ្លាប់មាន នៅជុំវិញកោះតៃវ៉ាន់ ដែលស្វ័យគ្រប់គ្រង ដែល ចិនចាត់ទុកថាជារបស់ខ្លួន បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ដែលជាដំណើរទស្សន កិច្ចកម្រិតខ្ពស់បំផុត ទៅកាន់កោះនេះក្នុងរយៈពេលជាច្រើនទសវត្សរ៍។

លោកស្រី Truss បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ខ្ញុំបានណែនាំមន្ត្រីឱ្យកោះហៅ ឯកអគ្គរដ្ឋទូតចិន មកពន្យល់ពីសកម្មភាពរបស់ប្រទេសគាត់។ យើងបានឃើញអាកប្បកិរិយាឈ្លានពានកាន់តែខ្លាំងឡើង និងវោហាសាស្ត្រពីទីក្រុងប៉េកាំងក្នុងរយៈ ពេលប៉ុន្មានខែថ្មីៗនេះ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់»។

លោកស្រីបានសង្កត់ធ្ងន់ថា «ចក្រភពអង់គ្លេសជំរុញឱ្យប្រទេសចិន ដោះស្រាយរាល់ការខ្វែងគំនិតគ្នា ដោយសន្តិវិធី និងដោយគ្មានការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងឬការបង្ខិតបង្ខំឡើយ»