ភ្លើងដ៏សន្ធោសន្ធៅកំពុងឆាបឆេះព្រៃនៅភាគនិរតី នៃប្រទេសបារាំង ចំពេលមានរលកកំដៅថ្មី

 (ប៉ារីស)៖  យោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២ អោយដឹងថា ភ្លើងឆេះព្រៃបានឆាបឆេះនៅភាគនិរតី នៃប្រទេសបារាំងកាលពីថ្ងៃអង្គារ (៩ សីហា) ដោយបានបំផ្លាញផ្ទះចំនួន ១៦ខ្នង និងផ្ទៃដីចំនួន ៦,០០០ហិកតា ព្រមទាំងបានបង្ខំ ឱ្យមនុស្សជិត ៦,០០០នាក់ជម្លៀសចេញពីតំបន់មួយ ដែលបានវាយប្រហាដោយអណ្តាតភ្លើង ដ៏ធំមួយម្តងរួចមកហើយកាលពីខែមុន។

ប្រទេសបារាំង ដូចជានៅអឺរ៉ុបផ្សេងទៀត កំពុងប្រឈមមុខនឹងរលកកំដៅ និងគ្រោះរាំងស្ងួត ដែល បានបង្កឲ្យមានភ្លើងឆេះព្រៃជាច្រើននៅទូទាំងទ្វីបក្នុងរយៈពេលពីរខែកន្លងមកនេះ។

តំបន់ Gironde នៅភាគនិរតីនៃប្រទេសបារាំង ត្រូវបានវាយប្រហារដោយភ្លើងឆេះព្រៃចំនួនពីរកាល ពីខែកក្កដាដែលបានបំផ្លាញព្រៃឈើ ជាង២០,០០០ហិកតា និងបាននាំឱ្យមានការជម្លៀសមនុស្ស ជិត៤០,០០០នាក់។

ភ្លើងក៏កំពុងឆាបឆេះផងដែរកាលពីថ្ងៃអង្គារ នៅតាមផ្នែកផ្សេងទៀតនៃប្រទេស ដោយមួយនៅផ្នែក ភាគខាងត្បូងនៃតំបន់ Lozere និង Aveyron ជាកន្លែងដែលផ្ទៃដីជិត៦០០ហិកតាត្រូវបានឆេះ បំផ្លាញអស់។

មិនតែប៉ុណ្ណោះ បើយោងតាមអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ភ្លើងមួយផ្សេងទៀតបានឆាបឆេះនៅ តំបន់ Maine et Loire ស្ថិតភាគខាងលិចប្រទេសបារាំង ដែលផ្ទៃដីចំនួន៦៥០ហិកតាត្រូវបានឆេះ និង៥០០ហិចតាផ្សេងទៀតក្នុងការគំរាមកំហែង៕