(ព្រះសីហនុ)៖ ឯកឧត្តម នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាង ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តី ពីការគ្រប់គ្រងគុណភាពសេវាកម្មទេសចរណ៍នៅក្នុងខេត្តព្រះសីហនុ ឆ្ពោះទៅការរៀបចំពិធីបុណ្យ សមុទ្រ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ក្នុងអំឡុងខែធ្នូ ឆ្នាំ ២០២២ ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្តព្រះសីហនុ មន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត រដ្ឋាលក្រុងស្រុក រួមទាំងសភាពាណិជ្ជកម្មខេត្តព្រះសីហនុ និងប្រតិបត្តិករទេសចរណ៍តំបន់ឆ្នេរ ក្នុងខេត្តផងដែរ។
ឯកឧត្តម នី ផល្លី បានជម្រាបជូនអង្គប្រជុំថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការដាក់ចេញនូវគោលនយោបាយដ៏ជោគជ័យនៃការចាក់ស្រោចវ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទាំងប្រទេស បង្កើនភាពសាំក្នុងសហគមន៍ និងឈានទៅការបើកដំណើរ ការប្រទេសឡើងវិញក្នុងគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍។
ប្រការដ៏សំខាន់នេះបានធ្វើឱ្យប្រទេសកម្ពុជាត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះក្នុងការៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ដែលនឹងប្រព្រឹត្តទៅនៅខេត្តព្រះសីហនុ ក្នុងអំឡុងខែធ្នូ ឆ្នាំ២០២២ នាពេលខាងមុខ អមជាមួយនឹងពិធីបុណ្យសមុទ្រ។
ស្របជាមួយគ្នានោះ ដើម្បីត្រៀមខ្លួនកាន់តែរួចរាល់ក្នុងការរៀបចំព្រឹត្តការណ៍ដ៏ធំទាំងពីរខាងលើនេះ ឯកឧត្តម នី ផល្លី បានវាយតម្លៃខ្ពស់ និងផ្តាំផ្ញើដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលមានមន្ទីរ និងអង្គ ភាពជំនាញនានាជាសេនាធិការឱ្យបន្តកិច្ចខិតខំប្រឹងប្រែងកាន់តែសកម្មចុះផ្សព្វផ្សាយ អប់រំ និងត្រៀម ការងារមួយចំនួន៖
ទី១. បន្តជំរុញនិងលើកកម្ពស់ការរៀបចំទីក្រុងឱ្យបានស្អាត រួមទាំងគោលដៅទេសចណ៍សំខាន់ៗ និងគ្រប់ឆ្នេរខ្សាច់កម្សាន្តទាំងអស់នៅក្នុងខេត្តព្រះសីហនុ។
ទី២. បន្តពង្រឹងការផ្តល់សេវាកម្មទេសចរណ៍ និងផលិតផលទេសចរណ៍ប្រកបដោយគុណភាពនិង ភាពកក់ក្តៅ។
ទី៣. ជំរុញដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងស្តង់ដា ប្រតិបត្តិអប្បបរមា (SOP) និងវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន សំដៅលើកកម្ពស់កិត្យា នុភាពខេត្តព្រះសីហនុ ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព។
ទី៤. ពង្រឹងគុណភាព និងសុវត្ថិភាពសេវាកម្មដឹកជញ្ជូនទេសចរណ៍ទាំងផ្លូវទឹក និងផ្លូវគោក។
ទី៥. ជំរុញនិងលើកទឹកដល់គ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងការគាំទ្រនិងប្រើប្រាស់ផលិតផលក្នុងស្រុក ដូចជាបន្លែផ្លែឈើ សាច់ និងផលិតផលផ្សេងៗទៀត។
ទី៦. បង្កើនការបើកវគ្គបណ្តុះបណ្តាលអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដើម្បីធានា បាននូវការផ្តល់សេវាកម្មប្រកបដោយគុណភាព និងបដិសណ្ឋាកិច្ចល្អ។
ទី៧. ជំរុញការរៀបចំព្រឹត្តការណ៍ឱ្យបានច្រើន រួមទាំំងព្រឹត្តការណ៍ទេសចរណ៍ កីឡា និងព្រឹត្តការណ៍ ពិព័ណ៌ទេសចរណ៍នានា។
ទី៨. រៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍តម្លៃសមរម្យ ចាប់ពីការស្នាក់នៅ ម្ហូបអាហារ និងការធ្វើ ដំណើរជាដើម ដើម្បីទាក់ទាញភ្ញៀវទេចរមកខេត្តព្រះសីហនុកាន់តែច្រើន។
ទី៩. ចូលរួមផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តព្រះសីហនុ ដោយចាប់ផ្តើមពីប្រជាពលរដ្ឋក្នុង មូលដ្ឋាន មន្ទីរជំនាញពាក់ព័ន្ធរហូតដល់រដ្ឋបាលខេត្ត។
ទី១០. ស្នើដល់រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធ ចុះដល់គ្រប់ទីតាំងមូល ដ្ឋានអាជីវកម្ម ដើម្បីក្តាប់នូវបញ្ហាប្រឈម និងឈានទៅរកដំណោះស្រាយជាក់ស្តែង និងក្នុងករណី ចាំចាច់ ត្រូវស្នើសុំជំនួយបច្ចេកទេសពីក្រសួងជំនាញពាក់ព័ន្ធ ដើម្បីធានាដល់និរន្តរភាព នៃការ អភិវឌ្ឍវិស័យទេសចរណ៍ និងឈានទៅជំរុញដល់កំណើនសេដ្ឋកិច្ចមូលដ្ឋាន។
គួរបញ្ជាក់ថា តាមរយៈលិខិតលេខ ២១៤ សជណ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ របស់ទីស្តីការ គណៈរដ្ឋមន្រ្តីរាជរដ្ឋាភិបាលសម្រេចជាគោលការណ៍កំណត់កាលបរិច្ឆេទរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ និងមហាសន្និបាត ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២៕