ហាសេដ្ឋីកសិកម្មអ៊ុយក្រែនម្នាក់ ស្លាប់ក្នុងការវាយប្រហារដោយមីស៉ីល របស់រុស្ស៉ី លើទីក្រុង Mykolaiv

 (កៀវ)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែសីហា ឆ្នាំ២០២២ គឺ ការវាយប្រហារដោយមីស៉ីលរបស់រុស្ស៉ីលើទីក្រុងកំពង់ផែ មីកូឡេវ (Mykolaiv) ស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍កន្លងទៅនេះបានសម្លាប់ មហាសេដ្ឋីអ៊ុយក្រែន និងជាម្ចាស់ក្រុមហ៊ុននាំចេញគ្រាប់ធញ្ញជាតិដ៏សំខាន់មួយបន្ទាប់ពីរុស្ស៉ីចោទថា យន្តហោះដ្រូនអ៊ុយក្រែន បានវាយប្រហារលើមូលដ្ឋានទ័ពជើងទឹករបស់ខ្លួនប្រចាំតំបន់សមុទ្រខ្មៅ។

អភិបាលតំបន់ មីកូលេវ លោក វីតាលី គីម (Vitaliy Kim) បានឲ្យដឹងតាមបណ្តាញតេឡេក្រាមថា ម្ចាស់ក្រុមហ៊ុនកសិកម្ម នីប៊ូឡុន (Nibulon) គឺលោក អូឡិចស៉ី វ៉ាដាទូស្គី (Oleksiy Vadatursky) និងភរិយារបស់លោកបានស្លាប់នៅក្នុងផ្ទះតែម្ដង ក្រោយការវាយប្រហាររបស់រុស្ស៉ី។ ចំណែកឯ អភិបាលក្រុង មីកូលេវ លោក អូឡិចសាន់ដឺ សេនកេវ៉ិច (Oleksandr Senkevych) ក៏បាននិយាយ ដែរថាការបាញ់ផ្លោងមីស៉ីលច្រើនជាង ១២លើកចុងក្រោយនេះ គឺមានសភាពខ្លាំងក្លាបំផុត ក្នុង សង្គ្រាមរយៈពេល ៥ខែមកនេះ ដោយបានវាយប្រហារផ្ទះ និងសាលារៀន ហើយយ៉ាងហោច ណាស់មនុស្ស ចំនួន ៣នាក់ផ្សេងទៀតបានរងរបួស។

សូមជម្រាបថា ទីស្នាក់ការកណ្តាលនៃក្រុមហ៊ុនកសិកម្មដ៏ធំរបស់អ៊ុយក្រែនខាងលើ ស្ថិតនៅក្នុងទី ក្រុងកំពង់ផែ Mykolaiv ដែលជាទីក្រុងយុទ្ធសាស្ត្រសំខាន់ មានព្រំប្រទល់ជាប់តំបន់ខឺសុន (Kherson) ដែលបច្ចុប្បន្នរុស្ស៊ីដណ្តើមកាន់កាប់បានភាគច្រើន។ Nibulon ជាក្រុមហ៊ុនជំនាញក្នុង ការផលិត និងនាំចេញស្រូវសាលី ស្រូវបាឡេ និងពោត ជាដើម៕