(ភ្នំពេញ)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បាន អញ្ជើញទទួលជួប គណៈប្រតិភូវៀតណាម ដឹកនាំដោយលោក ដូ វ៉ាន់ចៀន (Do Van Chien) គណៈលេខាមជ្ឈឹមបក្សកម្មុយនិស្តវៀតណាម និងជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ វៀតណាមនារសៀល ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២។
ថ្លែងក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ម៉ែន សំអន បានថ្លែងថា ឆ្នាំនេះជាឆ្នាំមិត្តភាព នៃថ្ងៃបង្កើត ទំនាក់ទំនងការទូត រវាងប្រទេសយើងទាំងពីរ (២៤ មិថុនា ១៩៦៧ – ២៤ មិថុនា ២០២២) ហើយ ប្រទេសទាំងពីរក៏ បានរៀបចំព្រឹត្តិការណ៍ជាច្រើន ក្នុងការចូលរួមអបអរសាទរនូវចំណងសាមគ្គីភាព នៃប្រទេសទាំងពីរ។
ទំនាក់ទំនងប្រទសទាំងពីរក៏បានរីកចម្រើនជាប្រចាំ ជាពិសេសនៅក្នុងដំណាក់កាលដែល ប្រទេស ជាតិមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍបានធ្វើឱ្យទំនាក់ទំនងទ្វេភាគីបានស្តែងចេញ ជាផ្លែផ្កា លើគ្រប់វិស័យ ពីវិស័យនយោបាយ រហូតដល់វិស័យ សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៌ និង វិទ្យាសាស្ត្រជាដើម។ ទន្ទឹមនោះទំនាក់ទំនងពាណិជ្ជកម្មរវាង ប្រទេសទាំងពីរកាន់តែមានការកើន ឡើងជាលំដាប់ផងដែរ។
ជាការឆ្លើយតប លោក ដូ វ៉ាន់ចៀន បានវាយតម្លៃខ្ពស់ ចំពោះការខិតខំរបស់កម្ពុជា និងបានកោត សសើរអំពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងបានអបអរសាទរ ចំពោះជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលថ្មីៗនេះ។
ជាចុងក្រោយ លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានជូនពរឲ្យគណៈប្រតិភូស្នាក់នៅ ទទួលបានសុខ សុវត្ថិភាព ក្នុងអំឡុងពេលបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា៕