(ភ្នំពេញ)៖ ដោយអនុវត្តតាមការអនុញ្ញាតរបស់ រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ ក្រោមកិច្ចសហ ការជាមួយលេខាធិការដ្ឋានអាស៊ានបានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោលអាស៊ានលើស្តង់ដាសហគមន៍ទេសចរណ៍អាស៊ាន (Master Trainers of ASEAN Community-Based Tourism Standard) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧-២៨ ខែកក្កដា ឆ្នាំ២០២២ នៅខេត្ត សៀមរាប។
ពិធីបើកសិក្ខាសាលាធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ហោ មុនីរ័ត្ន រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងរបស់ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីទេសចរណ៍ កម្ពុជា និងមានអ្នកចូលរួមពីប្រទេសសមាជិកអាស៊ាន ដូចជាព្រុយណេ កម្ពុជា ឡាវ ម៉ាឡេស៊ី ភូមា ថៃ វៀតណាម មន្ត្រីជំនាញមន្ទីរទេសចរណ៍ តំណាងសហគមន៍ទេសចរណ៍នៅខេត្តសៀមរាប សរុប ប្រមាណ១០០នាក់។ការបណ្ដុះបណ្ដាលផ្ដោតលើការយល់ដឹងបន្ថែមលើស្តង់ដាទេសចរណ៍សហគមន៍អាស៊ាន ភាគីទី២ ដែលកម្ពុជាបានដឹកនាំរៀបចំធ្វើបច្ចុប្បន្នភាព និងអនុម័តដោយកិច្ចប្រជុំរដ្ឋ មន្ត្រីទេសចរណ៍អាស៊ានលើកទី២៥ នៅក្រុងព្រះសីហនុ នាអំឡុងវេទិកាទេសចរណ៍អាស៊ានកន្លង ទៅ។ ខ្លឹមសារសំខាន់ក៏ផ្ដោតលើការពង្រឹងសមត្ថភាពវាយតម្លៃ និងការបណ្ដុះបណ្ដាលបន្តដល់ សហគមន៍ទេសចរណ៍នៅប្រទេសសមាជិកអាស៊ាន ដើម្បីចូលរួមការប្រឡងប្រណាំងពានរង្វាន់ សហគមន៍ទេសចរណ៍អាស៊ាន នាអំឡុង ATF2023 នៅឥណ្ឌូនេស៊ីខាងមុខ ដោយប្រទេស សមាជិក១នឹងត្រូវបញ្ជូនជ័យលាភីចំនួន៣ ដើម្បីទទួលពានរង្វាន់។
សិក្ខាសាលាបណ្តុះបណ្តាលនេះជាការចូលរួមបន្ថែមមួយទៀតពីកម្ពុជា ក្នុងនាមជាប្រទេសដឹកនាំ រៀបចំចងក្រងស្តង់ដាសហគមន៍ទេសចរណ៍ទាំងភាគទី១ និងភាគទី២។ គ្រូបង្គោលទាំងនេះនឹងបណ្ដុះបណ្ដាលបន្តដល់សហគមន៍ទេសចរណ៍ផ្សេងៗទៀតក្នុងប្រទេសរៀងៗខ្លួន ដើម្បីចូលរួមស្តារវិស័យទេសចរណ៍អាស៊ានឡើងវិញ ស្របតាមអនុសាសន៍លារបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាអំឡុងពិធីបើកវេទិកាទេសចរណ៍អាស៊ាន២០២២ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ខេត្តព្រះសីហនុ និងតាមការប្រកាសបើកទេសចរណ៍អាស៊ាន ដោយរដ្ឋមន្ត្រីទេសចរណ៍នាអំឡុងវេទិកាខាងលើនេះផងដែរ។
សិក្ខាសាលានេះក៏នឹងចូលរួមសម្រេចបាននូវគោលបំណង របស់ផែនការស្តារវិស័យទេសចរណ៍ អាស៊ាន (Post COVID-19 Recovery Plan for ASEAN Tourism) ដឹកនាំរៀបចំដោយកម្ពុជា និងបានអនុម័តដោយអាស៊ាន នាខែកញ្ញា ឆ្នាំ២០២១ ដែលជាមូលដ្ឋានសម្រាប់ប្រទេសអាស៊ាន ទាំងមូល។
ប្រតិភូអាស៊ានក៏បានចុះទស្សនកិច្ច និងស្រង់បទពិសោធន៍ជោគជ័យនៅសហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំ និងបានអនុវត្តការវាយតម្លៃជាក់ស្ដែង ជាការឆ្លុះបញ្ជាំងលើការអនុវត្តការវាយតម្លៃ សហគមន៍ទេសចរណ៍ស្របតាមស្តង់ដាអាស៊ាន៕