(ភ្នំពេញ)៖ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបង្ហាញនូវក្តីរំពឹកទុកថា អត្រាអតិផរណានៅកម្ពុជា នឹងថយចុះមកវិញ នៅឆមាសទី២នេះ ដោយសារការំពឹងនៃការថយ ចុះនៃតម្លៃប្រេង។ ការលើកឡើងយ៉ាងដូច្នេះរបស់លោក ជា ចាន់តូ ធ្វើឡើងក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ របស់ ធនាគារ ជាតិនៃកម្ពុជា។ អតិផរណានៅកម្ពុជា បានកើនខ្ពស់បំផុតរហូតដល់៧.២% នៅខែឧសភា ឆ្នាំ ២០២២ ដោយសារឥទ្ធិពលនៃការកើនឡើងថ្លៃប្រេង និងម្ហូបអាហារពិភពលោក។
ឯកឧត្តម បានបន្ដថា «ស្ថានភាពអត្រាអតិផរណា មានភាពមិនប្រាកដប្រជាខ្ពស់ ដោយអាស្រ័យជា ចម្បងលើឥទ្ធិពលនៃ ការអូសបន្លាយសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ទៅលើថ្លៃប្រេង និងការអនុវត្តវិធាន បិទខ្ទប់តំបន់ផលិតកម្មនៅប្រទេសចិន ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩។ ជាមួយនឹងការរំពឹងទុកថា ថ្លៃប្រេងនឹងថយចុះ អតិផរណាក៏ត្រូវបានព្យាករថា ថយចុះផងដែរនៅ ឆមាសទី២នេះ»។
ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងបន្ដងើបឡើងប្រមាណ ៥.៣ភាគរយ ខ្ពស់ជាងឆ្នាំ២០២១ ដែលការកើនឡើងនេះបណ្ដាមកពី ការគាំទ្រជាចម្បងដោយ កំណើន ការនាំចេញនៃវិស័យកម្មន្តសាល កំណើនវិស័យសំណង់ និងអចលនទ្រព្យ វិស័យកសិកម្ម ជាមួយនឹងការងើបឡើងសន្សឹមៗ នៃវិស័យទេសចរណ៍។
ឯកឧត្តម ជា ចាន់តូ បានបញ្ជាក់ថា មូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករថា កំណើនសេដ្ឋកិច្ចពិភព លោកអាចសម្រេចបានទាបជាង ការរំពឹងទុកនៅឆ្នាំ២០២២ ដោយបន្តប្រឈមភាពមិនច្បាស់លាស់ និងហានិភ័យចម្បងៗ ដូចជា៖ ឥទ្ធិពលនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលមិនទាន់ស្វែងរកដំណោះ ស្រាយជាក់លាក់នៅឡើយ ផលប៉ះពាល់នៃការអនុវត្តនយោបាយរូបិយវត្ថុរឹតត្បិត ក្នុងប្រទេស អភិវឌ្ឍន៍ និងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលនៅតែជាបញ្ហាគួរឱ្យព្រួយបារម្ភ។
បញ្ហាទាំងនេះបាននិងកំពុងបង្កការប៉ះទង្គិច ដល់ខ្សែច្រវាក់ផលិតកម្មសកល ដាក់សម្ពាធមកលើ អត្រាអតិផរណាពិភពលោក និងបង្កើនលំហូរចេញនៃមូលធន ពីប្រទេសកំពុងលូតលាស់ និងកំពុង អភិវឌ្ឍន៍ ដែលនឹងដាក់សម្ពាធបន្ថែមលើតម្លៃរូបិយប័ណ្ណ និងទុនបម្រុងអន្តរជាតិនៅក្នុងប្រទេសទាំងនោះ។
ឯកឧត្តម ទេសាភិបាលបានបញ្ជាក់ថា «ទោះយ៉ាងណាសកម្មភាពសេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹង ដោយសុទិដ្ឋិនិយមថា បន្តងើបឡើងប្រមាណ ៥.៣% ខ្ពស់ជាឆ្នាំ២០២១ ដែលមានកម្រិត ៣% ដែលគាំទ្រជាចម្បងដោយកំណើនការនាំចេញ នៃវិស័យកម្មន្តសាល កំណើនវិស័យសំណង់ និង អចលនទ្រព្យ និងកសិកម្ម ជាមួយនឹងការងើបឡើងសន្សឹមៗ នៃវិស័យទេសចរណ៍»។
ឯកឧត្តម ជា ចាន់តូ បានបញ្ជាក់ថា លើសពីនេះសេដ្ឋកិច្ចកម្ពុជា ក៏អាចប្រឈមនឹងភាពមិនប្រាក ដប្រជាមួយចំនួនដូចជា៖ ហានិភ័យនៃការធ្លាក់ចុះកំណើនសេដ្ឋកិច្ចសហភាពអឺរ៉ុប ដែលអាចប៉ះ ពាល់ដល់ការនាំចេញ និងការថមថយកំណើនសេដ្ឋកិច្ចចិន ដែលអាចបន្ថយកំណើនការវិនិយោគ និងការងើបឡើងវិញនៃវិស័យទេសចរណ៍និងអចលនទ្រព្យ។ ម្យ៉ាងទៀតថ្វីបើការដំឡើងអត្រាការប្រាក់គោល របស់ធនាគារកណ្តាលអាមេរិក មិនមានឥទ្ធិពល ដោយផ្ទាល់លើអត្រាការប្រាក់នៅកម្ពុជា ប៉ុន្តែក៏អាចធ្វើឱ្យមានសម្ពាធលើអត្រា-ប្តូរប្រាក់ ដោយ សារការឡើងថ្លៃប្រាក់ដុល្លារអាមេរិកនៅលើទីផ្សារអន្តរជាតិ៕