(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះតាមរយៈ Facebook ផ្លូវការរបស់លោក បានបង្ហោះ សារច្រានចោលនូវគណនី Telegram ក្លែងក្លាយមួយចំនួន ដែលត្រូវបានបុគ្គលមួយចំនួន ប្រើប្រាស់ឈ្មោះ និងរូបភាពរបស់លោក បង្កើតឡើង ដើម្បីបម្រើផលប្រយោជន៍របស់ពួកគេ។
ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា គណនីទាំងនោះមិនមែនជាគណនីផ្ទាល់ខ្លួនរបស់លោក ឬពាក់ ព័ន្ធជាមួយរូបលោកឡើយ ហើយលោកជំរុញឲ្យបុគ្គលទាំងនោះ បញ្ឈប់ជាបន្ទាប់នូវអំពើអស់នោះ។ ប្រសិនបើមិនព្រមបញ្ឈប់ លោកនឹងប្តឹងទៅអាជ្ញាធរមានសត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហោះសារទាំងស្រុងយ៉ាងដូច្នេះថា «ខ្ញុំសូមជម្រាបជូន សាធារណជនទាំង ជាតិ និងអន្តរជាតិទាំងអស់ជ្រាបថា៖ ថ្មីៗនេះ ខ្ញុំបានទទួលដំណឹងអំពីករណី មានបុគ្គលមួយចំនួន បានបង្កើតគណនីតេលេក្រាមក្លែងក្លាយ ដោយប្រើប្រាស់ឈ្មោះ និងរូបភាពរបស់ខ្ញុំ ដើម្បីទាក់ទង ជាមួយបងប្អូន ក្នុងគោលបំណងផ្សព្វផ្សាយអាជីវកម្ម និងបញ្ហាផ្សេងៗ។ ខ្ញុំសូមប្រកាសថា នោះមិន មែនជាគណនីផ្ទាល់ខ្លួន ឬជាប់ពាក់ព័ន្ធនឹងខ្ញុំឡើយ។ ខ្ញុំសូមជូនដំណឹងដល់បុគ្គល ដែលកំពុងប្រព្រឹត្ត អំពើ ដែលមានចេតនាទុច្ចរិតមិនស្មោះត្រង់នេះ បញ្ឈប់សកម្មភាពខ្លួនជាបន្ទាន់។ ក្នុងករណីមិនសហការ ខ្ញុំនឹងប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជា ធរមាន»៕