សង្រ្គាមរបស់រុស្ស៉ី នៅអ៊ុយក្រែន នឹងធ្វើឱ្យចិនស្ទាក់ស្ទើរថា គួរ ឬមិនគួរវាយកាន់កាប់តៃវ៉ាន់, នេះបើតាមនាយក CIA អាមេរិក

(វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២២ គឺនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA លោក វីលៀម បឺន (William Burns) នៅថ្ងៃពុធសប្ដាហ៍នេះបាននិយាយថា សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន នឹងជះឥទ្ធិ ពលលើការគិតរបស់ទីក្រុងប៉េកាំង ថាតើត្រូវប្រើកម្លាំងយោធាដោយរបៀបណា ឬក៏ថាតើគួរ ឬមិនគួរ វាយកាន់កាប់កោះតៃវ៉ាន់។

នៅឯវេទិកាសន្តិសុខមួយរៀបចំឡើងដោយវិទ្យាស្ថានអាស់ប៉ែន (Aspen) ក្នុងរដ្ឋខូឡូរ៉ាដូ (Colorado) លោក វីលៀម បឺន បានបង្ហាញចំណាប់ អារម្មណ៍មិនជឿឡើយថាប្រធានាធិបតីចិន លោក ស៊ី ជិនពីង អាចនឹងប្រើកម្លាំងយោធាវាយកាន់កាប់កោះតៃវ៉ាន់ នៅក្រោយកិច្ចប្រជុំមួយដ៏ សំខាន់ នៃគណបក្សកុម្មុយនិស្ដចិន ក្នុងឆ្នាំ២០២២នេះ។

បើតាមលោក បឺន ចិនប្រហែលជាកំពុងទាញយកមេរៀនពីសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន នោះគឺ សង្រ្គាមនៅលើកោះតៃវ៉ាន់ ក៏មិនមែនជាសង្រ្គាម រយៈពេលខ្លីដែរ ហើយអ្វីដែលចិនត្រូវធ្វើមុនគេ គឺគ្រប់គ្រងលំហព័ត៌មាន និងពង្រឹងសេដ្ឋកិច្ចដែលអាចបង្កា ឬទប់ទល់ជាមួយទណ្ឌកម្ម។ លោក បន្ថែមថាសហរដ្ឋអាមេរិក ក៏មិនជឿនោះដែរថាទីក្រុងប៉េកាំង កំពុងផ្ដល់ជំនួយយោធាគាំទ្រដល់រុស្ស៉ី បើទោះជាមានវោហាសាស្ត្រគាំទ្រចំពោះ មូស្គក៏ដោយ។

គួរបញ្ជាក់ថា បើតាមលោក វីលៀម បឺន សង្រ្គាមនៅអ៊ុយក្រែន បានធ្វើឱ្យចិនមានការស្ទាក់ស្ទើរមិន ទាន់ដោះស្រាយ នៅក្រោយពេលបានឃើញថា សង្រ្គាមរបស់លោក ពូទីន បានអូសបន្លាយពេល ជាង ៥ខែមកហើយ ដែលលោកផ្ទាល់ចាត់ទុកថាជាការបរាជ័យខាងយុទ្ធសាស្ត្រសម្រាប់លោក ពូទីន ដែលធ្លាប់រំពឹងថាអាចនឹងវាយចូលគ្រប់គ្រងទីក្រុងកៀវ ក្នុងពេលត្រឹមមួយសប្ដាហ៍៕