(សៀមរាប)៖ ឯកឧត្តម ឡុង ប៉ុណ្ណស៊ីរីវត្ថ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានថ្លែង ថា ច្បាប់ស្តីពី សិទ្ធិអ្នកនិពន្ធ គឺជាផ្នែកមួយនៃច្បាប់កម្មសិទ្ធិបញ្ញា ដែលត្រូវបានបង្កើតឡើងក្នុងគោល បំណង និងគោលដៅជួយជំរុញការបង្កើតឱ្យមានស្នាដៃថ្មីៗ និងការពារនូវផលិតផលវប្បធម៌ជាស្នា ដៃអ្នកនិពន្ធ អ្នកសម្តែង ផលិតករជាដើម សំដៅធានាការធ្វើអាជីវកម្មមួយត្រឹមត្រូវ ស្របច្បាប់លើ ផលិតផលវប្បធម៌ទាំងនោះ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍវិស័យវប្បធម៌ ស្របតាមគោល នយោ បាយជាតិ ស្តីពីវិស័យវប្បធម៌ឆ្នាំ២០១៤។
ក្នុងសិក្ខាសាលាថ្នាក់ភូមិភាគស្តីពីការផ្សព្វផ្សាយសន្ធិសញ្ញា និងអនុសញ្ញានានាដែលកម្ពុជាបាន ចូលជាភាគី និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តទាក់ទងនឹងច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ ប្រហែល នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ នៅខេត្តសៀមរាប លោកបន្តថា ច្បាប់នេះក៏ចូលរួម ចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ដែលជាកត្តា ជួយជំរុញលើកទឹកចិត្តដល់អ្នកនិពន្ធ ផលិតករ សិល្បករ ម្ចាស់សិទ្ធិ ឱ្យខិតខំបង្កើតស្នាដៃថ្មី និងដើម្បីទាក់ទាញវិនិយោគិនឱ្យចូលមកប្រកបរបរ ក្នុងស្រុក ដោយអនុលោមតាមបទដ្ឋានជាតិ និងអន្តរជាតិជាពិសេស អនុសញ្ញា សន្ធិសញ្ញា និងកិច្ច ព្រមព្រៀងនានាដែលកម្ពុជាបានចូលជាភាគីនោះតែម្តង។
ឯកឧត្តម ឡុង ប៉ុណ្ណស៊ីរីវត្ថ បានថ្លែងទៀតថា អង្គសិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោល បំណងដើម្បីចូលរួមផ្សព្វផ្សាយខ្លឹមសារច្បាប់ សិទ្ធិអ្នកនិពន្ធ អនុសញ្ញ និងសន្ធិសញ្ញានានា ជូនទៅ ដល់សិក្ខាកាម ជាពិសេសសិល្បករ និងនិស្សិត ដែលជាយុវជនឱ្យបានយល់ដឹងកាន់តែទូលំទូលាយ នូវចំណេះដឹងបន្ថែមទៀត អំពីច្បាប់សិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល។
ឯកឧត្តម បន្តថា សិក្ខាសាលានេះ ពិតជាមានអត្ថប្រយោជន៍ និងសារៈសំខាន់ខ្លាំងណាស់ ព្រោះវា បានផ្តល់នូវចំណេះដឹងថ្មីៗ រួមទាំងបទពិសោធន៍ល្អៗសម្រាប់យកទៅអនុវត្តជាក់ស្ដែង និងផ្សព្វ ផ្សាយបន្ត នៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ទៅដល់ការបង្កើតថ្មីនូវ ស្នាដៃវប្បធម៌ច្រើនទៀត៕