ជប៉ុនគាំទ្រយ៉ាងពេញលេញ សម្រាប់ភាពជោគជ័យនៃការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា


 (ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១៨ ខែកក្កដា ម្សិលមិញ បានផ្លាស់ប្ដូរយោបល់ និងការពិភាក្សាជាមួយ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ ក្នុងជំនួបនេះភាគីជប៉ុន បាន គាំទ្រយ៉ាងពេញលេញ សម្រាប់ភាពជោគជ័យនៃការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា។

ជំនួបនេះបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ក៏ដូចជារវាងអាស៊ាន-ជប៉ុន និងការត្រៀមរៀបចំសម្រាប់ភាពជោគជ័យ នៃកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងត្រូវរៀបចំដោយកម្ពុជា ក្នុងនាមជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន។

សេចក្តីប្រកាសព័ត៌មានរបស់ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ដែល ទទួល បាននៅថ្ងៃអង្គារនេះ បានបញ្ជាក់ថា នៅក្នុងក្របខ័ណ្ឌទ្វេភាគី លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកឯកអគ្គរាជទូត មិកាមិ ម៉ាសាហ៊ីរ៉ូ បានពិភាក្សាអំពីកម្មវិធីបណ្តោះអាសន្ននៃដំណើរ ទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីការបរទេសជប៉ុន Yoshimasa Hayashi ជាពិសេសអំពីសំណើសុំ ចូលជួបសម្តែងការគួរសមចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន, ជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រី ការបរទេសទាំងពីរ, ការចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ឥណ ទានសម្បទានប្រាក់យ៉េនរបស់ជប៉ុន និងសកម្មភាពផ្សេងៗទៀត។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរាជទូត ក៏បានលើកឡើងផងដែរអំពីការប្រារព្ធខួបអនុស្សាវ រីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ក្រៅពីនោះ ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន ក៏មានផងដែរនូវ កិច្ចប្រជុំសន្និ សីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន+ជប៉ុន (ASEAN PMC+ Japan), កិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសអាស៊ាន+៣ លើកទី២៣, កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១២, វេទិកាតំបន់អាស៊ាន (ARF) លើកទី២៩, កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ- ជប៉ុន លើកទី១៥, សិក្ខាសាលាដែលត្រូវបានស្នើឡើង ស្តីពីកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងបញ្ហា សំខាន់ៗមួយចំនួនដែលទាក់ទងនឹងកិច្ចប្រជុំទាំងនេះ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសង្កត់ធ្ងន់ក្នុងកិច្ចពិភាក្សានេះថា ក្នុងនាមជាប្រធាន នៃកិច្ចប្រជុំពាក់ព័ន្ធទាំងអស់ និងដោយមានកិច្ចសហប្រតិបត្តិការ និងការយោគយល់ពីប្រទេសដែល ចូលរួមទាំងអស់ កម្ពុជានឹងព្យាយាមធ្វើឱ្យល្អបំផុតតាមអាចធ្វើបាន ដើម្បីធ្វើឲ្យកិច្ចប្រជុំមានដំណើរ ការរលូន និងមានភាពងាយស្រួលដល់អ្នកចូលរួមទាំងអស់ ខណៈដែល លោកឯកអគ្គរដ្ឋទូត មិកាមិ ម៉ាសាហ៊ីរ៉ូ បានធានាអះអាងជាថ្មី ចំពោះឯកឧត្តម ឧបនាយករដ្ឋមន្រ្តី អំពីការគាំទ្រយ៉ាងពេញលេញ របស់ជប៉ុន សម្រាប់ភាពជោគជ័យនៃការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា៕