៦ខែឆ្នាំនេះ កម្ពុជានាំចេញអង្ករជិត ៣៣ម៉ឺនតោន គិតជាទឹកប្រាក់ជាង ១៩៨លានដុល្លារ


 (ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលទទួលបាននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ អោយដឹងថា ការនាំចេញអង្ករ នៅឆមាសទី០១ ឆ្នាំ២០២២ មានកំណើនជាង ១៦% បានបរិមាណសរុបចំនួន ៣២៧,២០០ តោន គិតជាទឹកប្រាក់ជាង១៩៨លានដុល្លារសហ រដ្ឋអាមេរិក។ របាយការណ៍បានឲ្យដឹងទៀតថា សម្រាប់ឆមាសទី១ នៃឆ្នាំ២០២២ កម្ពុជាបាននាំ ចេញអង្ករគ្រប់ប្រភេទ ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈក្រុមហ៊ុនចំនួន៥៣ក្រុមហ៊ុន បានអង្ករចំនួន ៣២៧ ២០០តោន ដែលគិតជាទឹកប្រាក់មានចំនួន ១៩៨.៦៣លានដុល្លារសហរដ្ឋអាមេរិក ដែល ក្នុងនោះរួមមាន៖

* ប្រទេសចិន រួមទាំង តំបន់ស្វយ័តហុងកុង ម៉ាកាវ បានចំនួន ១៦៨ ២៨០ តោន ឬស្មើនឹង ៥១.៤៣% ដែលមានកំណើនចំនួន ១៧.៤៤ % បើធៀបទៅនឹង រយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១

* ការនាំចេញទៅកាន់ប្រទេសនានា នៅក្នុងទ្វីបអ៊ឺរ៉ុបចំនួន ២៣ប្រទេស បានចំនួន ១០៦ ១៩៤ តោន ឬស្មើនឹង ៣២% មានកំណើន ចំនួន ៤៦.៩០%

* ការនាំចេញទៅកាន់ ប្រទេសក្នុងសមាជិកអាស៊ាន ៤ប្រទេស បានចំនួន ២៨ ៦៨០ តោន ឬស្មើនឹង ៨.៧៧% ដែលមានកំណើនចំនួន ៦.៦៩%

* និងការនាំចេញទៅកាន់គោលដៅផ្សេងៗ ចំនួន២១ប្រទេស បានចំនួន ២៤០៤៦ តោន ឬស្មើនឹង ៧.៣៥%។

សហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ថា សម្រាប់អង្ករ គឺមានការនាំចេញ អង្ករក្រអូបគ្រប់ប្រភេទ បានចំនួន៦២.៤៤% អង្ករស ចំនួន ៣៤.១២% អង្ករចំហ៊ុយ១.៩៣% និងអង្ករសរីរាង្គ ចំនួន១.៥០ % និងអង្ករដំណើប ០.០១% ឬ ២៣តោន។

ក្នុងរយៈពេល៦ខែ នៃឆ្នាំ២០២២នេះដែរ កម្ពុជាបាននាំចេញស្រូវសរុបបានចំនួន ១៧៣៣១៥៧ តោន ដែលគិតជាទឹកប្រាក់មានចំនួន៤០១.៩៦លានដុល្លារសហរដ្ឋអាមេរិក។ ទីផ្សារស្រូវស្ទើរ ១០០% គឺនាំចេញទៅប្រទេសវៀតណាម៕