ស្រីលង្កាប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន មុនពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី

 (កូឡុំបូ)៖  យោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០២២ បញ្ជាក់ថា ប្រធានាធិបតីស្តីទីរបស់ប្រទេសស្រីលង្កា លោក Ranil Wickremesinghe បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្នដែលបានចូលជាធរមាននៅថ្ងៃចន្ទនេះ ខណៈដែលរដ្ឋាភិបាល បណ្តោះអាសន្នកំពុងព្យាយាមលុបបំបាត់ភាពចលាចលមុនពេលការបោះឆ្នោតនៅក្នុងសភានៅចុងសប្តាហ៍នេះ ដើម្បីជ្រើសរើសមេដឹកនាំថ្មី។

ប្រទេសដីកោះដែលមានចំនួន ២២លាននាក់នេះ ត្រូវបានញាំញីដោយកង្វះខាតទំនិញសំខាន់ៗ និងប្រេងឥន្ធនៈរយៈពេលជាច្រើនខែមកហើយ ខណៈដែលទុនបម្រុងប្តូរប្រាក់បរទេសបានធ្លាក់ ចុះជិតដល់សូន្យ ហើយអតិផរណាឈានដល់ ៥៤.៦ភាគរយនៅក្នុងខែមិថុនា។

លោក Wickremesinghe បានស្បថចូលកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្ន កាលពីថ្ងៃ សុក្រ បន្ទាប់ពីអតីតប្រធានាធិបតី លោក Gotabaya Rajapaksa បានភៀសខ្លួនទៅក្រៅប្រទេស កាលពីសប្តាហ៍មុនដោយបានលាលែងពីតំណែង បន្ទាប់ពីការតវ៉ាដ៏ធំអស់រយៈពេលជាច្រើនខែ ជុំវិញការដួលរលំសេដ្ឋកិច្ចរបស់ប្រទេស។

សភារបស់ប្រទេសស្រីលង្កាបានជួបប្រជុំគ្នាកាលពីថ្ងៃសៅរ៍ដើម្បីចាប់ផ្តើមដំណើរការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីដែលនឹងបម្រើដល់អាណត្តិរបស់ Rajapaksa ដែលនៅសេសសល់។ បេក្ខជនសម្រាប់ឈរបោះឆ្នោតនឹងត្រូវប្រកាសនៅថ្ងៃទី១៩ ខែកក្កដា ខណៈដំណើរការបោះឆ្នោត ត្រូវបានរំពឹងទុកនៅថ្ងៃបន្ទាប់៕