ធនាគារកណ្តាលវៀតណាមលក់ប្រាក់ដុល្លារ ១៣ប៊ីលានទៅក្នុងទីផ្សារដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់

 (ហាណូយ)៖  យោងតាមកាសែត Vietnam News អោយដឹងថា ធនាគារ Viet Dragon Securities Corporation (VDSC) បានឱ្យដឹងថា ធនាគារកណ្តាលវៀតណាម (SBV) រហូតមក ទល់ពេលនេះក្នុងឆ្នាំនេះបានលក់ប្រាក់ដុល្លារប្រហែល ១២ ទៅ ១៣ប៊ីលានដុល្លារអាមេរិកដើម្បី រក្សាស្ថិរភាពទីផ្សារប្តូរប្រាក់ក្នុងស្រុក។

តម្លៃទឹកប្រាក់នេះស្មើនឹងប្រមាណ ១១ភាគរយនៃទុនបម្រុងរូបិយប័ណ្ណបរទេសរបស់វៀតណាម។ ប្រាក់បម្រុងរូបិយប័ណ្ណបរទេសរបស់វៀតណាមនាបច្ចុប្បន្នមានចំនួនជាង ១០០ប៊ីលានដុល្លារដែល មានលទ្ធភាពនាំចូលទំនិញសំខាន់ៗបានរយៈពេល ៣,១ខែ ហើយត្រូវបានគេព្យាករថានឹងបន្ត កើនឡើង។ ទំហំទឹកប្រាក់នេះដែលខ្ពស់ជាងឆ្នាំ២០១៥ ដល់ទៅ ៤ដងត្រូវបានរំពឹងថាជាប្រាក់ បម្រុងដ៏សំខាន់មួយដើម្បីរក្សាស្ថិរភាពទីផ្សារប្តូរប្រាក់ក្នុងស្រុក និងជួយសេដ្ឋកិច្ចរបស់ប្រទេសនេះ ទប់ទល់នឹងការប៉ះទង្គិចពីខាងក្រៅ។

នេះបើយោងតាមកាសែត Vietnam News គឺធនាគារ VDSC បានឱ្យដឹងថា ចំណាត់ការរបស់ ធនាគារកណ្តាលវៀតណាមមានគោលបំណង ដាក់កម្រិតលើការធ្លាក់ថ្លៃប្រាក់ដុងរបស់វៀតណាម កាត់បន្ថយសម្ពាធលើអត្រាប្តូរប្រាក់បរទេសនិងធ្វើឱ្យមានតុល្យភាពរវាងការផ្គត់ផ្គង់និងប្រភពតម្រូវការប្រាក់ដុល្លារនៅក្នុងទីផ្សារប្តូរប្រាក់ក្នុងស្រុក។នៅក្នុងបរិបទដែលរូបិយប័ណ្ណភាគច្រើនបានធ្លាក់ចុះថ្លៃយ៉ាងខ្លាំងធៀបនឹងប្រាក់ដុល្លារអាមេរិកបន្ទាប់ពីធនាគារកណ្តាលអាមេរិកបានដំឡើងអត្រាការប្រាក់ ប្រាក់ដុងបានធ្លាក់ចុះថ្លៃត្រឹមតែប្រហែល ២ ភាគរយប៉ុណ្ណោះនៅឆ្នាំនេះ ដែលបង្ហាញថា ប្រាក់ដុង មានស្ថិរភាព និងត្រូវបានចុះបញ្ជីក្នុង ចំណោមរូបិយប័ណ្ណដែលមានតម្លៃទាបបំផុតនៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក។ ៕