ប្រធានាធិបតីអ៊ីតាលី បដិសេធការលាលែងពីតំណែងរបស់ លោកនាយករដ្ឋមន្រ្តី Draghi

 (រ៉ូម)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២ គឺការិយាល័យលោកប្រធានាធិបតីអ៊ីតាលី សឺជីអូ ម៉ាតារែលឡា (Sergio Mattarella) នៅថ្ងៃ ព្រហស្បតិ៍សប្តាហ៍នេះបានឲ្យដឹងថាប្រមុខរដ្ឋរូបនេះ បានបដិសេធទទួលយកការសុំលា លែងពី តំណែងរបស់លោកនាយករដ្ឋមន្រ្តី ម៉ារីយ៉ូ ដ្រាហ្គី (Mario Draghi) និងបានស្នើឲ្យ លោក ដ្រាហ្គី ប្រាប់ទៅកាន់ សភាដើម្បីទទួលបានភាពច្បាស់លាស់នៃស្ថានភាពនយោបាយក្នុងប្រទេស។

លោក ដ្រាហ្គី បានដាក់ពាក្យសុំលាលែងពីតំណែង ក្រោយគណបក្ស 5-Star Movement ដែល ជាគណបក្សមួយស្ថិតនៅក្នុងក្រុមចម្រុះដែលកំពុងកាន់ អំណាចរបស់លោក មិនបានចូលរួមក្នុងការ បោះឆ្នោតផ្តល់សេចក្ដីទុកចិត្តរបស់រដ្ឋាភិបាល។

គួរបញ្ជាក់ថា លោក Draghi បានកាន់តំណែងជានាយករដ្ឋមន្ត្រីអ៉ីតាលី ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២១មក ហើយបានដឹកនាំរដ្ឋាភិបាលដែលបង្កើតឡើងដោយ គណបក្សចម្រុះ។ អ៊ីតាលីនឹងត្រូវរៀបចំការបោះឆ្នោតសភា នៅមុនខែមិថុនា ឆ្នាំ២០២៣ ប៉ុន្តែភាពមិនប្រាកដប្រជាចុង ក្រោយបង្អស់នេះ អាចនឹងជំរុញឱ្យ ការបោះឆ្នោតនេះកើតឡើងលឿនជាងការរំពឹងទុកក៏ថាបាន៕