(តេហេរ៉ង់)៖ យោងតាមការដកស្រង់ផ្សាយដោយសារព័ត៌មាន Al-Jazeera នៅថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២ អោយដឹងថា ប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី ( Ebrahim Raisi) បាននិយាយថា អ៊ីរ៉ង់ នឹងធ្វើការសងសឹកយ៉ាងសាហាវដែលនឹងធ្វើឱ្យសហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្ត របស់វ៉ាស៊ីនតោន មាន ការសាកស្ដាយ ប្រសិនបើហ៊ានរករឿងអ៊ីរ៉ង់។
ការអត្ថាធិប្បាយរបស់ប្រធានាធិបតីអ៊ីរ៉ង់ខាងលើនេះ ធ្វើឡើងកំលុងពេលដែលលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក យែរ ឡាភីត (Yair Lapid) បានព្រម ព្រៀងគ្នាថានឹងប្រើគ្រប់មធ្យោបាយ ដើម្បីរារាំងកុំឱ្យអ៊ីរ៉ង់ផលិត ឬទទួលបានអាវុធនុយក្លេអ៊ែរ។ លោក រ៉ៃស៊ី ក៏បានបន្ទោសអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់របស់ខ្លួន ចំពោះការបង្កអស្ថិរភាពក្នុង តំបន់។ រីឯទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា កំលុងសុន្ទរកថាមួយ លោក រ៉ៃស៉ី បានគូសបញ្ជាក់ថា «ប្រជាជាតិអ៉ីរ៉ង់នឹងមិនទទួលយកភាពអសន្តិសុខ ឬវិបត្តិក្នុងតំបន់នោះទេ ហើយ ទីក្រុងវ៉ាស៉ីនតោន និងសម្ព័ន្ធមិត្តគួរតែដឹងថាកំហុសដែល កើតមានណាមួយ នឹងត្រូវបានឆ្លើយតប យ៉ាងសាហាវពីអ៉ីរ៉ង់»។
សូមបញ្ជាក់ថា ទីក្រុងវ៉ាស៉ីនតោន និងទីក្រុងបានហ្ស៊េរុយសាឡឹម បានសម្តែងការព្រួយបារម្ភជាយូ មកហើយអំពីសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ខណៈអ៊ីរ៉ង់បដិសេធ ថា ខ្លួនគ្មានមហិច្ឆតាបង្កើត គ្រាប់បែកនុយក្លេអ៊ែរឡើយ។ តាមរយៈកិច្ចព្រមព្រៀងរួមគ្នារវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែលដែល បានចុះហត្ថលេខាកាលពី ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សហរដ្ឋអាមេរិក នឹងមិនអនុញ្ញាតឲ្យអ៊ីរ៉ង់ ដំណើរផលិតអាវុធនុយក្លេអ៊ែរជាដាច់ខាត៕