(កូឡុំបូ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២ អោយដឹងថា ការិយាល័យប្រធានសភានៃប្រទេសស្រីលង្កា បានឱ្យដឹងថាលោកប្រធា នាធិបតី ហ្គូតា បាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) បានដាក់លិខិតលាលែងចេញពី តំណែងជាផ្លូវការហើយ ភ្លាមៗក្រោយលោកបានធ្វើដំណើរទៅដល់ប្រទេសសិង្ហបុរី នៅថ្ងៃ ព្រហស្បតិ៍សប្ដាហ៍នេះ។
បើតាមការិយាល័យប្រធានសភាស្រីលង្កា លោក រ៉ាចាប៉ាកសា បានដាក់លិខិតលាលែងចេញពី តំណែងតាមរយៈសារអេឡិចត្រូនិក ឬ Email ហើយលិខិតនេះ ត្រូវឆ្លងកាត់ការត្រួតពិនិត្យ មុននឹង មានការប្រកាសជាផ្លូវការនៅថ្ងៃសុក្រសប្ដាហ៍នេះ។
លោក រ៉ាចាប៉ាកសា បានរត់ភៀសខ្លួនចេញពីប្រទេសស្រីលង្កា កាលពីថ្ងៃពុធកន្លងទៅនេះ ក្រោយ ក្រុមបាតុករបានសម្រុកចូលកាន់កាប់ គេហដ្ឋានរបស់លោក។ លោកត្រូវបានគេរាយការណ៍ថាបានធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសម៉ាល់ឌីវ ហើយក្រោយមកទើប បន្តដំណើរ ទៅដល់ប្រទេសសិង្ហបុរី៕