ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារទេសចរណ៍


 (ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបការងារវិស័យទេសចរណ៍ ដែលរៀបចំ ឡើងដោយក្រសួងទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍។ ពិធីនេះប្រព្រឹត្តទៅនៅសណ្ឋាគារ សុខា។ វិស័យទេសចរណ៍នៅកម្ពុជា ក៏ដូចជានៅលើពិភពលោក បានជួបនូវការប៉ះទង្គិចយ៉ាងខ្លាំង ក្នុងរយៈពេលជាង ២ឆ្នាំកន្លងទៅនេះ ដោយសារតែវិបត្តិបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ១៩។ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានយកឈ្នះលើការរាតត្បាតកាលពីចុងឆ្នាំ២០២២កន្លងទៅនេះ ក្រសួងទេសចរណ៍ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល និងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ បានប្រឹងប្រែងជាខ្លាំង ដើម្បីឱ្យវិស័យដែលកម្ពុជាចាត់ទុកជាមាសបៃតងនេះ មានដង្ហើមឡើងវិញ។

ក្រសួងទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍នៅកម្ពុជា បានបើកសន្និបាតរួមគ្នាមួយ ដើម្បីបូកសរុប ការងារទេសចរណ៍ បូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយ វិបត្តិជំងឺកូវីដ១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិស ដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣)។

សន្និបាតដែលបានធ្វើឡើងនៅថ្ងៃទី១២ និង១៣ ខែកក្កដា ឆ្នាំ២០២២នេះ មន្ត្រី និងអ្នកជំនាញក្នុង វិស័យទេសចរណ៍ បានជជែក និងពិភាក្សាគ្នាលើប្រធានបទជាច្រើន ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ។ ជាពិសេសវិបត្តិ និងបញ្ហា ដែលបានកើតមានចំពោះវិស័យទេសចរណ៍ ដែលបានកើតមានក្នុង វិបត្តិកូវីដ១៩។ ក្នុងសន្និបាត ក៏បានពិភាក្សាដាក់ចេញនូវយន្តការផ្សេងៗ ដើម្បីជាកាលានុវត្តន៍ភាព សម្រាប់វិស័យទេសចរណ៍ចំពោះមុខភាពមិនច្បាស់លាស់នៃជំងឺកូវីដ១៩។

តាមរបាយការណ៍ដែលបានបង្ហាញក្នុងអង្គសន្និបាតនេះ បានឱ្យដឹងថា រយៈពេលប្រមាណ ៦ខែ ដើមឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៥០ម៉ឺននាក់ កើនឡើង៣៩៤ % ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ តែនៅថយចុះ -៨៤.៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩ (មុនវិបត្តិ) ដោយភាគច្រើនមកពីប្រភពទីផ្សារវៀតណាម ថៃ ចិន សហរដ្ឋអាមេរិក ឥណ្ឌូ ណេស៊ី បារាំង កូរ៉េ ម៉ាឡេស៊ី អង់គ្លេស អូស្រ្តាលី សិង្ហបុរី និងឥណ្ឌា។

ក្នុងរយៈពេលដូចគ្នានេះ កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជាង៧លាននាក់ ក្នុងនោះទេសចរណ៍ ជាតិមានប្រមាណ ៦.៣៣លាននាក់ កើនឡើង ២១៩% និងទេសចរបរទេសផ្ទៃក្នុងមានប្រមាណ ៦៨ម៉ឺននាក់ កើនឡើង ៣៨០% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។

កម្ពុជារំពឹងថា នឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងរង្វង់ ១លាននាក់ នៅក្នុងឆ្នាំ២០២២នេះ និងប្រមាណ ២លាននាក់ នៅក្នុងឆ្នាំ២០២៣ខាងមុខ ជាឆ្នាំដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិ ការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម លើកទី៣២។

ក្នុងសន្និបាតនេះ ក៏មានការវាយតម្លៃថា យ៉ាងហោចណាស់ កម្ពុជាត្រូវចាំដល់ឆ្នាំ២០២៦ ឬឆ្នាំ ២០២៧ ទើបស្ថានភាពចំនួនភ្ញៀវទេសចរអន្តរជាតិ វិលទៅរកកំណើនដូចកាលពីឆ្នាំ២០១៩ ដែល មិនទាន់មានវិបត្តិជំងឺកូវីដ១៩ រីករាលដាល។ ទាំងនេះគឺដោយសារសម្ពាធពីកត្តាខាងក្រៅមួយចំនួនដែលយើងកំពុងជួបនោះ មានដូចជាចរន្តនៃ ការធ្វើដំណើរទេសចរចេញក្រៅសំខាន់ៗ លទ្ធភាពនៅក្នុងការផ្លាស់ប្តូរគោលនយោបាយគ្មានកូវីដ-១៩ (Zero-COVID Policy) របស់ប្រទេសចិននៅក្នុងពេលខាងមុខ ឥទ្ធិពលនៃវិបត្តិនៅអ៊ុយក្រែន ឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចដែលបានធ្វើឱ្យមានការថមថយអំណាចទិញ គឺសុទ្ធបានជំរុញឱ្យមានការ ផ្លាស់ប្តូរគោលដៅនៃការតភ្ជាប់មកកាន់កម្ពុជាទាំងតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។ ម្យ៉ាងទៀត ការប្រកួតប្រជែងស្រួចស្រាលពីប្រទេសជិតខាងដែលជាគោលដៅទាក់ទាញទេសចរពីប្រភពទីផ្សារដូចគ្នា និងការផ្លាស់ប្តូរឥរិយាបទនៃការធ្វើដំណើររបស់ទេសចរជាសកលផងនោះ ក៏ជាកត្តារួម ចំណែករាំងស្ទះក្នុងការទាក់ទាញកំណើននេះដែរ៕