(ឡុងដ៍)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២ បានអោយដឹងថា កូរ៉េខាងជើង នៅថ្ងៃពុធសប្ដាហ៍នេះបានទទួលស្គាល់តំបន់ ផ្ដាច់ខ្លួន២ គាំទ្រដោយរុស្ស៉ីនៅក្នុងតំបន់ភាគខាងកើតប្រទេស អ៊ុយក្រែនជា «រដ្ឋឯករាជ្យ» ខណៈ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចកំពុងបង្កើនការផ្ដល់ជំនួយដល់ទីក្រុងកៀវ ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន។
ការប្រកាសទទួលស្គាល់ខាងលើ បានធ្វើឱ្យកូរ៉េខាងជើងកា្លយជាប្រទេសទី៣ ដែលទទួលស្គាល់ តំបន់ផ្ដាច់ខ្លួន២ គឺសាធារណរដ្ឋប្រជាមានិត ដូណេត និងសាធារណរដ្ឋប្រជាមានិតលូហាន នៃតំបន់ ដុនបាស់ភាគខាងកើតប្រទេសអ៊ុយក្រែន បន្ទាប់ពីរុស្ស៉ី និងស៊ីរី។
នៅក្នុងសារបង្ហោះនៅលើបណ្ដាញតេឡេក្រាម មេដឹកនាំតំបន់ផ្ដាច់ខ្លួនដូណេត លោក ដេនីស ពូស៊ីលីន (Denis Pushilin) បាននិយាយថា លោកសង្ឃឹមថានឹងទទួលបានកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កា និងបង្កើនទំនាក់ទំនងពាណិជ្ជកម្មជាមួយកូរ៉េខាងជើង។ ចំណែកឯ ស្ថានទូត តំបន់ផ្ដាច់ខ្លួនដូណេត ប្រចាំទីក្រុងមូស្គូ បានបង្ហោះរូបថតនៅលើបណ្ដាញតេឡេក្រាម ដែលបង្ហាញ ពីសកម្មភាពរបស់អគ្គរដ្ឋទូត កូរ៉េខាងជើងប្រចាំទីក្រុងមូស្គូ លោក ស៊ីន ហុង ឈុល (Sin Hong-chol) បានប្រគល់លិខិតទទួលស្គាល់មួយច្បាប់ទៅឱ្យបេសកជនតំបន់ ផ្ដាច់ខ្លួនដូណេត លោកស្រី អូលហ្កា ម៉ាកេយ៉េវ៉ា (Olga Makeyeva)។
សូមបញ្ជាក់ថា សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍នេះបានទទួលស្គាល់ថារដ្ឋ មន្ត្រីការបរទេសលោកស្រី ឆូ សុង ហ៊ុយ (Choe Son Hui) ពិតជាបានផ្ញើលិខិតមួយច្បាប់ទៅកាន់ សមភាគីរបស់លោកស្រីនៅក្នុងតំបន់ផ្ដាច់ខ្លួនទាំង២ កាលពីថ្ងៃពុធ ដើម្បីទទួលស្គាល់ឯករាជ្យភាព របស់ពួកគេ។ កូរ៉េខាងជើងក៏ធ្លាប់បានបង្ហាញការគាំទ្រដល់រុស្ស៉ីផងដែរ នៅពេលទីក្រុងមូស្គូ ក្រសោបយក តំបន់គ្រីមៀ ពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤៕