ក្រុមប្រឹក្សាធម្មនុញ្ញ ទូលថ្វាយព្រះមហាក្សត្រថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ទាំង៨ នៃរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញ អាចធ្វើទៅបាន ពុំប៉ះពាល់ប្រព័ន្ធប្រជាធិបតេយ្យឡើយ


 (ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំពេញ អង្គ ដើម្បីពិនិត្យ និងរៀបចំសេចក្តីក្រាបបង្គំទូលថ្វាយមតិថ្វាយ ព្រះករុណា ព្រះបាទ សម្តេចព្រះបរម នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីការស្នើសុំធ្វើវិសោធនកម្មមាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។

កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុម ប្រឹក្សាធម្មនុញ្ញ នៅអគារ ស វិមានរដ្ឋចំការមន។

ឯកឧត្តម បណ្ឌិត ព្រហ្ម វិចិត្រអក្ខរា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានប្រាប់នៅក្រោយកិច្ចប្រជុំថា ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចជា ឯកច្ឆន្ទដោយ ០៩សំឡេងនៃចំនួនសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សរុបចំនួន ០៩រូប ដោយទូលថ្វាយមតិព្រះករុណាជាអម្ចាស់ជីវិតលើត្បូងថា សេចក្តីព្រាងច្បាប់ ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ១៩ ថ្មី (មួយ) មាត្រា ៨៩ មាត្រា ៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា១២៥ថ្មីនៃរដ្ឋធម្មនុញ្ញ និងមាត្រា៣ថ្មី និងមាត្រា៤ថ្មីនៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ គឺអាចធ្វើទៅបាន។

ឯកឧត្តម បណ្ឌិត ព្រហ្ម វិចិត្រអក្ខរា បានបានបន្ថែមថា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ បានទូលថ្វាយ ព្រះមហាក្សត្រថា ការផ្តួចផ្តើមគំនិតធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញនេះ ពុំមានអ្វីប៉ះពាល់ដល់ប្រព័ន្ធ ប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញឡើយ ព្រមទាំងធ្វើ ឡើងនៅពេលប្រទេសជាតិ មិនឋិតក្នុងភាពអាសន្ន។

ឯកឧត្តម បណ្ឌិត បានបន្ថែមថា ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញនេះ គឺផ្អែកលើមាត្រា ១៥៣ថ្មី មាត្រា ១៥៤ថ្មី និងមាត្រា១៥៥ថ្មី នៃរដ្ឋធម្មនុញ្ញ។

សូមជម្រាបថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រាទាំង៨ នៃរដ្ឋធម្មនុញ្ញ និងច្បាប់ ធម្មនុញ្ញ ត្រូវបានអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យ និងអនុម័តកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ។

គណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ មានគោលបំណងសំខាន់ចំនួនពីរ ទី១៖ ធានា ឱ្យស្ថាប័នកំពូលរបស់ជាតិ ជាពិសេសអំណាចនីតិប្រតិបត្តិ ដែលមានបេសកកម្មចម្បង ក្នុងការដឹកនាំ ការងារទូទៅរបស់រដ្ឋមានដំណើរការប្រព្រឹត្តទៅដោយរលូននិងប្រកបដោយនិរន្តរភាពនៅគ្រប់កាលៈទេសៈ និងទី២៖ ធានា ការពារ និងថែរក្សាបាននូវសន្តិភាព សន្តិសុខសង្គម សណ្ដាប់ធ្នាប់សាធា រណៈស្ថេរភាពនយោបាយរបស់ប្រទេសជាតិ នៅគ្រប់កាលៈទេសៈ ដើម្បីជាគ្រឹះសម្រាប់ការអភិវឌ្ឍ ប្រទេសលើគ្រប់វិស័យ និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា៕