សម្តេចតេជោ ហ៊ុន សែន លើកឡើងថា កម្ពុជា-ឡាវ គប្បីដាក់ចេញនយោបាយជួយគ្នា និងបំពេញ ឱ្យគ្នា ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ


 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កម្ពុជា និងឡាវ គប្បី ដាក់ចេញនយោបាយជួយគ្នា និងបំពេញឱ្យគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រវាងប្រទេសទាំង ពីរ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះក្នុងពេលអនុញ្ញាតឱ្យលោក សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២។

លោក សាលើមសៃ គុំម៉ាស៊ីត អញ្ជើញមកកាន់ប្រទេសកម្ពុជានាពេលនេះ ដើម្បីធ្វើជាសហប្រធាន ជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ដឹកនាំកិច្ចប្រជុំលើក ទី១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (14th JCBC) កម្ពុជា និងឡាវ។ កិច្ចប្រជុំនេះគឺជាកិច្ចប្រជុំដ៏មានសារៈសំខាន់មួយក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការទាំងឡាយរវាងកម្ពុជា និងឡាវ។

នៅមុនកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (14th JCBC) កម្ពុជា និង ឡាវចាប់ផ្តើមនោះ លោក បានគោរពសុំអនុសាសន៍ណែនាំពីសម្ដេចតេជោ ធ្វើយ៉ាងណាឱ្យទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែប្រសើរឡើងថែមទៀត។

តបតាមសំណើនេះ ទើបសម្តេចតេជោ បានចង្អុលបង្ហាញថា កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឡាវ គប្បីរួមគ្នាវាយតម្លៃ និងដាក់ចេញនូវនយោបាយជួយគ្នាទៅវិញទៅមក និងបំពេញឱ្យគ្នាទៅ វិញទៅមក ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ។

សូមបញ្ជាក់ថា នៅក្នុងជំនួបនេះ បើតាមឯកឧត្តម អ៊ាង សុផល្លែ ជំនួយការសម្ដេចតេជោ បានឱ្យ ដឹងថា លោក សាលើមសៃ បានគោរពនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោកប្រធានាធិបតី និងនាយក រដ្ឋមន្ត្រីឡាវ ជូនដល់សម្ដេចតេជោ ហើយបានសម្ដែងការអបអរសាទរជូនសម្ដេចតេជោ និងគណ បក្សប្រជាជនកម្ពុជាដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កន្លងមក។ លទ្ធផលនៃការបោះឆ្នោត គឺឆ្លុះបញ្ចាំងនូវជំនឿចិត្តរបស់ប្រជាជនលើ ការដឹកនាំនៅនយោបាយដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ។

លោក សាលើមសៃ ក៏បានសម្ដែងនូវការអបអរសាទរជូនសម្ដេចតេជោ ដែលដឹកនាំអាស៊ាន ទទួល បានជោគជ័យ ហើយប្រទេសឡាវ ប្ដេជ្ញាគាំទ្រកម្ពុជា ក្នុងការដឹកនាំជាប្រធានអាស៊ាន ជាពិសេស វិធានការរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយលើបញ្ហាប្រទេសមីយ៉ាន់ម៉ា។

ឆ្លៀតក្នុងឱកាសនោះដែរ លោក សាលើមសៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូន ចំពោះសម្ដេចតេជោ រាជរដ្ឋាភិបាលកម្ពុជា ដែលបានបន្តជួយដល់ប្រទេសឡាវ ក្នុងការទប់ស្កាត់ការ រីករាលដាលជំងឺកូវីដ១៩ និងវិស័យដទៃទៀត។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោក សាលើមសៃ ដែលបាននាំជូនសម្ដេចតេជោនូវ ការផ្តាំផ្ញើសួរសុខទុក្ខពីលោកប្រធានាធិបតី និងលោកនាយករដ្ឋមន្ត្រីឡាវ។ សម្ដេចតេជោ ក៏បាន ថ្លែងអំណរគុណផងដែរ ជូនចំពោះ សាលើមសៃ ដែលបានសម្ដែងការអបអរសាទរពីលទ្ធផលនៃ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងការគាំទ្រកម្ពុជា ក្នុងការដឹកនាំអាស៊ាន ជាពិសេស ក្នុងការស្វែងរកដំណោះស្រាយឱ្យប្រទេសមីយ៉ាន់ម៉ា៕