(កៀវ)៖ យោងតាមការដកស្រង់ផ្សាយ ចេញពីសារព័ត៌មាន Al-Jazeera នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០២២ ប្រាប់អោយដឹងថា អភិបាលនៃតំបន់លូហាន់ (Luhansk) និងតំបន់ដូណេត (Donetsk) បាននិយាយថា កងកម្លាំងរុស្ស៉ីបានបង្កើនការវាយប្រហារលើទឹកដីភាគខាងកើត អ៊ុយ ក្រែន និងបានវាយលុកដល់តំបន់ដែលមានជនស៊ីវិល ដោយប្រើមីស៉ីលបំផ្លាញភូមិ ក៏ដូចជាប្រែក្លាយ ទីក្រុងទៅជាកម្ទេចកម្ទី។
ក្រុមមន្រ្តីអ៊ុយក្រែន បានអះអាងនៅថ្ងៃពុធសប្តាហ៍នេះថា ការបាញ់ផ្លោងមិនរើសមុខដោយកង កម្លាំងរុស្ស៉ី រយៈពេល២៤ម៉ោងចុងក្រោយបានសម្លាប់ជនស៉ីវិល ចំនួន៨នាក់ និង២៥នាក់ទៀត រងរបួស។ ភាគច្រើននៃជនស៉ីវិលដែលស្លាប់គឺនៅក្នុងតំបន់ដូណេត ជាកន្លែងដែលរុស្ស៉ីបង្កើន ការវាយលុករបស់ខ្លួនក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។
អភិបាលតំបន់ដូណេត លោក ប៉ាវឡូ គីរីឡិនកូ (Pavlo Kyrylenko) បានសរសេរលើបណ្តាញ តេឡេក្រាមយ៉ាងដូច្នេះថា «រាល់អ្នកប្រពឹត្តិឧក្រិដ្ឋកម្មសង្រ្គាមនឹង ត្រូវផ្តន្ទាទោស»។ រីឯអភិបាលតំបន់លូហាន់ លោក សឺហ៊ី ហៃដៃ (Serhiy Haidai) បានបញ្ជាក់ថា កងកម្លាំងរុស្ស៉ីវាយ ដណ្តើមកាន់កាប់បានភាគច្រើននៃតំបន់នេះ ប៉ុន្តែ មិនមែនគ្រប់គ្រងបានទាំងស្រុងឡើយ។
សូមបញ្ជាក់ថា ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅតែបន្តនៅទីក្រុងសមរភូមិ លីស៊ីចាន់ស្ក៍ (Lysychansk) ខណៈមានជនស៊ីវិលរហូតដល់ ១៥,០០០នាក់ស្ថិតនៅទីនោះ ហើយ ប្រមាណ ៨,០០០នាក់ ស្ថិតនៅក្បែរទីក្រុង ស៊ីវីយេរ៉ូដូណេត (Sievierodonetsk) ជាកន្លែងដែលទាហានរុស្សី និងក្រុមផ្តាច់ ខ្លួនគាំទ្រដោយរុស្ស៉ី វាយដណ្តើមបានកាលពីខែមុន៕