(ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅ ព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព បើកកម្មវិធីការតាំងពិព័រណ៍អប់រំ លើស្នាដៃស្រាវជ្រាវរបស់គរុនិស្សិតកម្រិតឧត្តម (បរិញ្ញា+១) ជំនាន់ទី២៦ ដែលប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ នៅវិទ្យាស្ថានជាតិអប់រំ (NIE)។ កម្មវិធីនេះក៏មានការចូលរួមពីលោក សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ គណៈគ្រប់គ្រង គ្រូឧទ្ទេស និងបុគ្គលអប់រំនៃវិទ្យាស្ថានជាតិអប់រំ និងគរុនិស្សិត ជាច្រើន រូប ផងដែរ។
ក្នុងឱកាសនោះលោក សៀង សុវណ្ណា បានថ្លែងថា ការរៀបចំឱ្យមានការតាំងពិព័រណ៍នេះ មាន បំណងសំខាន់ៗដូចជា៖ ជំរុញគរុនិស្សិតឱ្យអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ តាមរយៈការផលិតសម្ភារៈ ឧបទេសបង្រៀន, ជំរុញគរុនិស្សិតឱ្យចេះកែលម្អវិធីសាស្ត្របង្រៀន និងរៀនដោយប្រើប្រាស់សម្ភារៈ ក្នុងស្រុក, លើកកម្ពស់សមត្ថភាពស្រាវជ្រាវ ដល់គរុនិស្សិត និងគ្រូឧទ្ទេសទាំងទៅលើផ្នែកចំណេះ ដឹង វិធីសាស្ត្របង្រៀន និងការផលិតសម្ភាររៀន និងបង្រៀន, ជំរុញឱ្យមានការប្រឡងប្រណាំង ក្នុងការផលិត និងប្រើប្រាស់សម្ភារៈរៀន និងបង្រៀន, ជំរុញឱ្យគរុនិស្សិតចេះផ្សាភ្ជាប់ទ្រឹស្តី ដែល មានចែងក្នុងខ្លឹមសារមេរៀន ទៅនឹងការអនុវត្តជាក់ស្តែង, បង្កើតឱ្យមានឥរិយាបថ ចូលរួមយ៉ាង សកម្ម ក្នុងការផលិតសម្ភារៈ សម្រាប់ការរៀន និងបង្រៀន។
ជាមួយគ្នានេះ លោក សៀង វណ្ណា បានថ្លែងបន្ថែមថា សារៈសំខាន់នៃការតាំងពិព័រណ៍នេះ ការធ្វើ ឱ្យគរុនិស្សិតមានការយល់ដឹងពីតម្លៃ នៃការផលិតសម្ភារៈឧបទេស សម្រាប់បង្រៀន ដែលធ្វើឱ្យខ្លឹម សារមេរៀន មានលក្ខណៈងាយស្រួលយល់ និងយល់បានកាន់តែស៊ីជម្រៅជាងមុន, ធ្វើឱ្យគរុនិស្សិត មានការចាប់អារម្មណ៍ និងចូលចិត្ត នៅ ក្នុងការស្រាវជ្រាវ, ធ្វើឱ្យគរុនិស្សិតចេះសហការធ្វើការជា ក្រុម បង្កើតបាននូវស្មារតីសាមគ្គីភាព យល់ដឹងពីតម្លៃសមូហភាព និងគ្មានគំនិតអាត្មានិយម, បណ្តុះគរុនិស្សិត ឱ្យមានគំនិតឆ្នៃប្រឌិតខ្ពស់ និងនវានុវត្តន៍ ឆ្លើយតបនឹងគោលនយោបាយអភិវឌ្ឍន៍ សេដ្ឋកិច្ចឆ្នាំ២០៣០- ២០៥០។
ថ្លែងនាឱកាសនោះដែរ ឯកឧត្តម ហង់ ជួនណារ៉ុន បានថ្លែងការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងគ្រូឧទ្ទេសនៃវិទ្យាស្ថានជាតិអប់រំទាំងអស់ ដែលបានខិតខំបំពេញ ការងារក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈមន្ត្រីអប់រំ គ្រប់លំដាប់ថ្នាក់ទាំងផ្នែកគរុកោសល្យ និងសមត្ថភាពវិជ្ជា ជីវៈ ព្រមទាំងគរុនិស្សិតទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ និងស្រាវជ្រាវបង្ហាញស្នាដៃ បន្ថែមលើមុខវិជ្ជាឯកទេសប្រកបដោយផ្លែផ្កា គួរជាទីមោទនៈ។
ឯកឧត្តម រដ្ឋមន្ត្រី ក៏ណែនាំដល់បុគ្គលិកអប់រំ និងគ្រូឧទ្ទេស ជាពិសេសគរុនិស្សិត ដែលនឹងក្លាយខ្លួន ទៅជាគ្រូបង្រៀន កម្រិងឧត្តម ហើយចេញទៅបម្រើការងារ នៅតាមបណ្តាវិទ្យាល័យនានាទូទាំង ប្រទេស សូមឱ្យខិតខំបញ្ចេញអស់ពីសមត្ថភាព ក្នុងការផ្ទេរចំណេះដឹង ជំនាញ និងបទពិសោធន៍ ដល់គរុនិស្សិត ក៏ដូចជាសិស្ស ឱ្យបន្តស្រាវជ្រាវជាប្រចាំ ដើម្បីអភិវឌ្ឍន៍ចំណេះដឹង ជំនាញ ឥរិយា បទក្នុងការបង្រៀន និងរៀនប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តម រដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានបន្ថែមថា គ្រូបង្រៀនត្រូវតែដាក់ផែនការអភិវឌ្ឍន៍សមត្ថភាព របស់ខ្លួនជាប្រចាំតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់យកទៅ បង្រៀនដល់សិស្ស ដើម្បីឱ្យ បានអាចរៀនបានឆាប់ចេះ ឆាប់ចាំ និងអាចក្លាយជាសិស្សពូកែ។ ជាមួយគ្នានោះគ្រូបង្រៀនយ៉ាងហោចណាស់ត្រូវចេះគុណវុឌ្ឍិ ៣ រួមមាន៖ ខ្លឹមសារមេរៀន, វិធី សាស្ត្របង្រៀន ចិត្តគរុកោសល្យ, បច្ចេកវិទ្យា ដែលនេះជាគុណវុឌ្ឍិ សំខាន់សម្រាប់គ្រូបង្រៀន៕