រុស្ស៊ីសន្យាឆ្លើយតបជប៉ុនវិញ ចំពោះការដែលទីក្រុងតូក្យូបានដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូ ជុំវិញការឈ្លានពានអ៊ុយក្រែន


 (ឡុងដ៍)៖  តាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២ គឺរុស្ស៊ីបានសន្យា នៅថ្ងៃចន្ទ ទី២៧ ខែមិថុនាថា នឹងចាត់វិធានការវាយបកជប៉ុនវិញ ចំពោះការដែល ទីក្រុងតូក្យូបានដាក់ទណ្ធកម្មលើទីក្រុងម៉ូស្គូជុំវិញការឈ្លានពានអ៊ុយក្រែន។

ប្រទេសជប៉ុនបានចូលរួមជាមួយលោកខាងលិចក្នុងការវាយប្រហាររុស្ស៊ី ជាមួយនឹងកញ្ចប់ទណ្ឌកម្ម ដែលមិនធ្លាប់មានពីមុនមកក្នុងរយៈពេល ៤ខែ ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមសង្រ្គាមប្រឆាំងនឹង​អ៊ុយក្រែន។ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊ូមីអុ គីស៊ីដា (Fumio Kishida) បាននិយាយនៅឯកិច្ច ប្រជុំកំពូល នៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿន ទាំង៧ ហៅកាត់ថា G7 ក្នុងប្រទេសអាល្លឺ ម៉ង់ថា រដ្ឋាភិបាលទីក្រុងតូក្យូនឹងដាក់ទណ្ឌកម្មបន្ថែមប្រឆាំងជនជាតិរុស្ស៉ីចំនួន ៧០នាក់ ព្រមទាំង នឹងពង្រីក បន្ថែមនូវការហាមឃាត់ការនាំចេញទំនិញទៅកាន់ប្រទេសរុស្ស៉ី ជាការឆ្លើយតបទៅនឹង សង្គ្រាមរបស់លោក ពូទីន នៅអ៊ុយក្រែន។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលជប៉ុន បានដាក់ចេញនូវកញ្ចប់ទណ្ឌកម្មមួយចំនួន ប្រឆាំងនឹងរុស្ស៉ីរួចស្រេចទៅហើយ ដើម្បីឆ្លើយតប សង្គ្រាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ដែលលោកខាង លិចចាត់ទុកថាជាការឈ្លានពាន ក្នុងនោះរួមមានជនជាតិរុស្ស៉ី ជនជាតិបេឡារុស្សជាង ៧០០នាក់ ក៏ដូចជាក្រុមហ៊ុនរុស្ស៉ី និងបេឡារុស្សជាង ២០០ក្រុមហ៊ុន៕