រដ្ឋមន្ត្រី ថោង ខុន អំពាវនាវដល់ផ្នែកឯកជន ដាក់ចុះតម្លៃកញ្ចប់ទស្សនកិច្ចឱ្យបានសមរម្យចាប់ពី ឥឡូវនេះទៅ ដើម្បីប្រកួតប្រជែងទីផ្សារ ឱ្យមានប្រសិទ្ធភាព ក្នុងឱកាសនៃពិធី បុណ្យសមុទ្រឆ្នាំនេះ ដែលនឹងរៀបចំនៅខេត្តព្រះសីហនុ


 (ភ្នំពេញ)៖ ថ្លែងនៅក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ដែលគ្រោងនឹងរៀប ចំនៅខេត្តព្រះសីហនុ នាចុងឆ្នាំ២០២២ ខាងមុខនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំបុណ្យសមុទ្រ បានថ្លែងអំពាវនាវដល់ផ្នែកឯកជន ទាំងអស់ ត្រូវរៀបចំដាក់ចុះនូវតម្លៃកញ្ចប់ទស្សនកិច្ចឱ្យបានសមរម្យ និងសមស្របសម្រាប់ភ្ញៀវ ទេសចរអាចទទួលយកបានដើម្បីជាការប្រកួតប្រជែងសម្រាប់តម្លៃទីផ្សារសម្រាប់ទាក់ទាញទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ។

កិច្ចប្រជុំនេះដែរបានរៀបចំនៅទីស្តីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២២នេះ ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីសំណាក់​ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ, លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង រួមទាំងមន្ត្រី ជំនាញពាក់ព័ន្ធ និងផ្នែកឯកជនជាច្រើនរូបទៀតផងដែរ។

ពាក់ព័ន្ធនឹងការរៀបចំបុណ្យសមុទ្រ ដើម្បីជាការទាក់ទាញភ្ញៀវទេសចរណ៍នេះ ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន បានថ្លែងអំពាវនាវដូចនេះថា « សូមអំពាវនាវដល់ វិស័យឯកជនទាំងអស់ត្រូវដាក់ចេញ​នូវកញ្ចប់ទស្សនកិច្ច ក្នុងតម្លៃឱ្យបានសមរម្យ និងរស់រវើក និងបត់បែនឱ្យបានទាន់ពេលវេលា ដើម្បី ធ្វើយ៉ាងណា ទាក់ទាញឱ្យបានសម្រាប់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ និងធ្វើយ៉ាងណាសម្រួល នូវរបាំងនៃការធ្វើដំណើររបស់ភ្ញៀវទេសចរឱ្យកាន់តែមានភាពងាយស្រួល»។

ឯកឧត្តម រដ្ឋមន្ត្រី បានកត់សំគាល់ដែរថា ឋិតនៅក្នុងដំណាក់កាលក្រោយកូវីដ១៩នេះ និន្នាការនៃ ការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ គឺមិនមានច្រើនដូចមុនកូវីដនោះទេ ដោយកត្តាជីវភាពទាំង ភ្ញៀវក្នុងស្រុក និងក្រៅស្រុក ដូចនេះវិស័យឯកជន ជាមួយនឹងការកែប្រែលើកកម្ពស់គុណភាពសេវា របស់ខ្លួនឱ្យល្អហើយនោះ សំខាន់គឺត្រូវរៀបចំកញ្ចប់សេវាទស្សនកិច្ចរបស់ខ្លួនឱ្យកាន់តែរស់រវើក និង តម្លៃឱ្យបានសមសម្យ ដោយមើលទៅលើកត្តាជីវភាព និងការដើរកម្សាន្តរបស់ពលរដ្ឋ និងដើម្បីជា ការប្រកួតប្រជែង ជាមួយនឹងទីផ្សារក្រៅស្រុកផងដែរ។

ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន ក៏បានបង្ហាញជំនឿជាក់ថា បើសិនជាវិស័យឯកជនបានរៀបចំតម្លៃត ម្លៃទស្សនកិច្ចបានថោកសមរម្យ ព្រមជាមួយនឹងការធ្វើដំណើរតាមច្រកទ្វារអន្តរជាតិ ចូលមកក្នុង ប្រទេសកម្ពុជា កាន់តែមានភាពងាយស្រួលផងនោះ វិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា និងអាច ទទួលបានភ្ញៀវទេសចរ កាន់តែច្រើនឡើងបន្ថែមទៀតផងដែរ។

សូមជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នឹងរៀបចំឡើងចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ស្របជាមួយនិងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាត បំផុតលើពិភពលោក ចាប់ ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅលើទឹកដីខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន៕