(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញនៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ បានរៀបចំប្រារព្ធពិធី អបអរសាទរខួប២៤ឆ្នាំនៃថ្ងៃកំណើតរបស់ខ្លួន (១៥ មថិនា ១៩៩៨-១៥ មិថុនា ២០២២)។ ពិធីនេះត្រូវបានរៀបចំធ្វើឡើងក្រោមអធិបតីភាព លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា និងមន្ត្រីបម្រើការងារនៅក្រុមប្រឹក្សាធម្មនុញ្ញផង ដែរ។ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម បានវាយតម្លៃថា ក្នុងរយៈពេល ២៤ឆ្នាំកន្លង មកនេះ ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចបាននូវសមិទ្ធផលជាច្រើន អាស្រ័យដោយមានការខិតខំប្រឹង ប្រែងអស់ពីកម្លាំងកាយចិត្ត និងការទទួលខុសត្រូវខ្ពស់របស់ប្រធាន និងសមាជិក សមាជិកា ក្នុង អាណត្តិនីមួយៗ និងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានរួមគ្នាលើកទិសដៅ និង អនុវត្តការងារ ដើម្បីសម្រេចសមត្ថកិច្ចដ៏ឧត្តុង្គឧត្តមបំផុតរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺធានាការពារការ គោរពរដ្ឋធម្មនុញ្ញដែលជាមូលដ្ឋានគ្រឹះសម្រាប់កាវកសាងនីតិរដ្ឋ។
ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម បានថ្លែងបន្តថា ក្រុមប្រឹក្សាធម្មនុញ្ញបានបំពេញ សមត្ថកិច្ចរបស់ខ្លួនស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន និងបានរួមចំណែកដោះ ស្រាយបញ្ហាធំៗរបស់ជាតិក្នុងនាមជាស្ថាប័នកំពូល ឯករាជ្យ និងអព្យាក្រិត។
បើតាមឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ស មិទ្ធផលការងារដែលក្រុមប្រឹក្សា ធម្មនុញ្ញសម្រេចបានរយៈពេល ២៤ឆ្នាំមកនេះរួមមាន៖ ថ្វាយមតិព្រះមហាក្សត្រ ចំនួន ១៤ករណី, បកស្រាយរដ្ឋធម្មនុញ្ញ ចំនួន ១១ករណី, បកស្រាយច្បាប់ ចំនួន ១០ករណី, ពិនិត្យធម្មនុញ្ញភាពនៃ ច្បាប់ចំនួន ៩៧ករណី, ពិនិត្យ និងសម្រេចលើករណីវិវាទកម្មទាក់ទងការបោះឆ្នោត សរុបចំនួន ២៨៩សំណុំរឿង (ចេញសេចក្តីសម្រេច និងសេចក្តីជូនដំណឹងចំនួន១៤៤) រួមមានការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភាចំនួន ៤នីតិកាល (នីតិកាលទី១ ឆ្នាំ១៩៩៩ ពុំមានការបោះឆ្នោតទេ ចំណែកនីតិកាលទី៤ ឆ្នាំ២០១៨ គ្មានបណ្ដឹង) និងវិវាទកម្មទាក់ទងការបោះឆ្នោតជ្រើសតាំងតំណាង រាស្តចំនួន ៦នីតិកាល (នីតិកាលទី១ឆ្នាំ១៩៩៣ រៀបចំដោយអ៊ុនតាក់)។ ក្រុមប្រឹក្សាធម្មនុញ្ញ ក៏បាន ទទួល និងពិនិត្យបណ្ដឹងចំនួន ៥២ករណី ដែលមិនចូលសមត្ថកិច្ច ដោយធ្វើការសម្រេចត្រឹមការ ចេញសេចក្តីជូនដំណឹងចំពោះសំណើ។
ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម បានមានប្រសាសន៍ថា សេចក្ដីសម្រេចរបស់ក្រុម ប្រឹក្សាធម្មនុញ្ញលើការត្រួតពិនិត្យធម្មនុញ្ញភាពនៃច្បាប់ គឺភាគច្រើននៃសេចក្ដីសម្រេចមានចរិតជា យុត្តិសាស្ត្រសំខាន់ៗដែលទាក់ទងទៅនឹងគោលការណ៍ច្បាប់ (décision de principe) ដែលបាន រួមចំណែកដល់ការការពារសិទ្ធិសេរីភាពជាសារវន្ត, ធានាការគោរពគោលការណ៍នីតិរដ្ឋ, ធានាការ គោលការណ៍អធិបតេយ្យ សន្តិសុខជាតិ និងគុណតម្លៃសង្គម។
ក្រៅតែពីសមិទ្ធផលខាងលើនេះក្រុមប្រឹក្សាធម្មនុញ្ញបានផ្តួចផ្តើមគំនិតរិះរកវិធីដើម្បីបញ្ជ្រាបការយល់ដឹងអំពីគោលការណ៍ធំៗ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ទៅក្នុងមជ្ឈដ្ឋានសាធារណៈ ពិសេសក្នុង ស្រទាប់យុវជន តាមរយៈការបញ្ចូលការសិក្សាអំពីរដ្ឋធម្មនុញ្ញទៅក្នុងកម្មវិធីសិក្សា។ ការផ្ដួចផ្តើមគំនិតនេះ បានទទួលការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងបានឈានទៅដល់ ការចុះអនុស្សរណៈនៃការព្រមព្រៀង រវាងក្រុមប្រឹក្សាធម្មនុញ្ ញនិង ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការដាក់បញ្ចូលបទប្បញ្ញត្តិគ្រឹះមួយចំនួនដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ទៅក្នុងកម្មវិធីសិក្សា កម្រិតបឋមសិក្សាកម្រិតមធ្យមសិក្សាបឋមភូមិ និងកម្រិតមធ្យមសិក្សា ទុតិយភូមិ ដែលជាយន្តការមួយដ៏មានប្រសិទ្ធភាព និងវិសាលភាពទូលំទូលាយក្នុងការពង្រឹងពង្រីក ការយល់ដឹងអំពីរដ្ឋធម្មនុញ្ញក្នុងមជ្ឈដ្ឋានសាធារណៈ។
បច្ចុប្បន្ន គណៈកម្មការចម្រុះនៃស្ថាប័នទាំងពីរ បានរៀបចំខ្លឹមសាររួចរាល់ហើយ និងគ្រោងបោះពុម្ព នៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ ហើយការងារបន្ត គឺការបណ្តុះបណ្តាលគ្រូ ដែលត្រូវបង្រៀនមុខ វិជ្ជានេះ ដូច្នេះក្រុមការងាររបស់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាធម្មនុញ្ញ បាននិងកំពុងរៀបចំខ្លឹម សារបណ្តុះបណ្ដាលនេះ ឱ្យសម្រេចបានជាស្ថាពរ ក្នុងពេលដ៏ខ្លីខាងមុខនេះ។
ដើម្បីបន្តកិច្ចការអភិវឌ្ឍ និងលើកកម្ពស់កិត្យានុភាពរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ឱ្យកាន់តែប្រសើរឡើង ថែមទៀត ក៏ដូចជាបង្កើននូវស្មារតីសាមគ្គីភាពជាធ្លុងមួយនៅក្នុងស្ថាប័ននោះ ឯកឧត្តម កិត្តិនីតិ កោសលបណ្ឌិត អ៊ឹម ឈុនលឹម បានអំពាវនាវដល់អ្នកបម្រើការងារនៅក្រុមប្រឹក្សាធម្មនុញ្ញ បន្តប្រ កាន់ខ្ជាប់ និងគោរពនូវគុណតម្លៃសម្រាប់ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ (គោរពនីតិរដ្ឋ ការពារឯករាជ្យ ភាព អនុវត្តអព្យាក្រឹត្យភាព) សម្រាប់អនុវត្តក្នុងពេលបច្ចុប្បន្ន និងពេលអនាគតយូរអង្វែង ដើម្បីបំ ពេញភារកិច្ចដ៏ឧត្ដុង្គឧត្តមរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។ ជាពិសេសការត្រៀមបំពេញការងារ ដែលជា សមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញរួមមានការដោះស្រាយវិវាទកម្មពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧នៅខែកក្កដា ឆ្នាំ២០២៣ ពេលខាងមុខនេះជាអាទិ៍ ឱ្យទទួលបាន ជោគជ័យ៕