(ព្រៃវែង)៖ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជាតំណាង ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក.) និងឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងថ្លែងអំណរគុណដល់អ្នក សង្កេតការណ៍ជាតិ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ក្នុងដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេស និយាយជារួម និងដោយឡែកខេត្តព្រៃវែង ដែលបានស្ម័គ្រ ចិត្តចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ។
ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ការស្ម័គ្រចិត្តជាអ្នកសង្កេតការណ៍បោះឆ្នោតរបស់សមាជិក សមាជិកា ស.ស.យ.ក. ខេត្តព្រៃវែង ក៏ដូចជា ស.ស.យ.ក. ទូទាំងប្រទេស គឺជាការលះបង់នូវកម្លាំង កាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលាដ៏មានតម្លៃ ក្នុងការរួមចំណែកធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅ កម្ពុជា កាន់តែប្រសើរថែមទៀត និងជាការហាត់រៀនបន្ថែមនូវបទពិសោធន៍ ដើម្បីក្លាយជាទំពាំង ស្នងឫស្សី ដ៏រឹងមាំរបស់ប្រទេសជាតិ។
ឯកឧត្តម ស សុខា ក៏បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ស.ស.យ.ក. រាជធានី ខេត្ត ស្រុក ក្រុង ខណ្ឌ ក្រុមការងារចុះជួយ ដែលបានរៀបចំ ចាត់ចែង និង ឧបត្ថម្ភដល់សមាជិក សមាជិកា ស.ស.យ.ក. ជាអ្នកសង្កេតការណ៍ទាំងអស់ ធ្វើអោយដំណើរការ នៃការចូលរួមសង្កេតការណ៍បោះឆ្នោតរបស់សមាជិក សមាជិកាយើង អនុវត្តការងារទៅដោយរលូន និងជោគជ័យ ស្របតាមតួនាទីភារកិច្ចរបស់ខ្លួន ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កំណត់៕