(ភ្នំពេញ)៖ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះគឺជារយៈពេល៤៥ឆ្នាំហើយ ដែលសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តរួមអាវុធដ៏ស្មោះស្ម័គ្រ៤រូប បានរួមគ្នាយកជីវិតធ្វើជាដើមទុនចេញទៅកាន់ប្រទេស វៀតណាម ស្វែងរកការគាំទ្រ ដើម្បីតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជ សាសន៍ដ៏ឃោរឃៅរបស់ខ្មែរ ប៉ុល ពត និងបក្ខពួក។
កម្ពុជា និងវៀតណាមរួមគ្នាប្រារព្ធពិធីដ៏មហោឡារិក ដើម្បីអបអរសាទរ និងរំលឹកដល់ដំណើរតស៊ូ ដ៏អង់អាចក្លាហានក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជាកាលពី ៤៥ឆ្នាំមុននេះ។ ពិធីនឹងធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម នៅព្រំដែនកម្ពុជា និងវៀតណាម តំបន់ X16 ក្នុងឃុំទន្លូង ស្រុក មេមត់ ខេត្តត្បូងឃ្មុំ ដែលជាទីតាំងសម្តេចតេជោ និងយុទ្ធមិត្ត បានឆ្លងទៅកាន់ប្រទេសវៀតណាម ទាំងកណ្តាលអាធ្រាត្រកាលពី ៤៥ឆ្នាំមុននោះ។
ក្រៅតែពីការអបអរសាទរ និងរំលឹកដល់ដំណើរតស៊ូរំដោះជាតិកាលពី៤៥ឆ្នាំមុនហើយនោះ ក្នុងពិធី ថ្ងៃស្អែកនេះ ក៏មានការសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលមួយចំនួន ដែលត្រូវបានសាងសង់នៅ តំបន់ប្រវត្តិសាស្ត្រចំណុចផ្តើមនៃការស្រោចស្រង់ជាតិចេញពីរបបប្រល័យពូជសាសន៍នេះផងដែរ។
សមិទ្ធផលដែលបានសាងសង់ និងសម្ពោធនេះរួមមាន៖ អគារវេទិកាអចិន្ត្រៃយ៍ទំហំ ៦.១ម៉ែត្រ គុណ ៤៧ម៉ែត្រ ចំនួន ១ខ្នង, សាងសង់ទីលានបាល់ទាត់លើដីទំហំ ៦៨ម៉ែត្រ គុណ ១០៦ម៉ែត្រ, ជីកស្រះមួយមានទំហំ ៧០ម៉ែត្រ គុណ ៧០ម៉ែត្រ ជម្រៅជាង ១០ម៉ែត្រ ដោយមានចម្លាក់រូបនាគពីថ្ម ភក់ព័ទ្ធជុំវិញ, សាងសង់ប្រាង្គ និងចម្លាក់ព្រះអង្គគោកធ្លក, សាងសង់សាលាដំណាក់ទំហំ ៦.១ម៉ែត្រ គុណ ១៩.៦ម៉ែត្រ ចំនួន ១ខ្នង កម្ពស់ ១ជាន់, សាងសង់អគារមិត្តភាព ១ខ្នង កម្ពស់ ១ជាន់ ដោយមានបំពាក់គ្រឿងសង្ហារឹម និងសម្ភាបច្ចេកទេស LED និងការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗ មួយចំនួនទៀត។ ក្រៅតែពីសមិទ្ធផលនៅតំបន់ X16 ហើយនោះ ក៏មានការសម្ពោធដាក់ឱ្យប្រើ ប្រាស់សារមន្ទីរកោះថ្មទំហំ ៧ម៉ែត្រ គុណ ១៨ម៉ែត្រ ដើម្បីតម្កល់ឯកសារវត្ថុតាង នៃដំណើរឆ្ពោះ ទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបង្ហាញពីសច្ចភាពប្រវត្តិសាស្ត្រសម្រាប់ យុវជនជំនាន់ក្រោយសិក្សារៀនសូត្រ និងឈ្វេងយល់បន្ថែមទៀត៕