(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារ ជាតិនៃកម្ពុជា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ បានអះអាងពីការត្រៀមនូវវិធានការចាំបាច់ នានា ដើម្បីធ្វើយ៉ាងគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា រក្សានូវស្ថិរភាពហិរញ្ញវត្ថុ ដែលជាអាទិភាព ចម្បង។ ការបញ្ជាក់របស់លោកជំទាវធ្វើឡើង ក្នុងកម្មវិធី សិក្ខាសាលាផ្សព្វផ្សាយស្តីពី របាយការណ៍ ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២១ រៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា។
លោកជំទាវបានលើកឡើងថា សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងកើនឡើងក្នុងរង្វង់ ៥% នៅឆ្នាំ ២០២២ ដែលគាំទ្រជាចម្បងដោយការនាំចេញនៃផលិតផលកម្មន្តសាល កសិកម្ម ការដឹកជញ្ជូន ទូរគមនាគមន៍ និងភាពប្រសើរឡើងនៃលំហូរវិនិយោគ និងប្រាក់បង្វែររបស់ពលករពីក្រៅប្រទេស។
បច្ចុប្បន្ន កម្ពុជាបានបើកប្រទេសឡើងវិញ ដោយមិនមានការរឹតបន្តឹងក្នុងការធ្វើដំណើរទៀតទេ ដោយសារអត្រាចាក់វ៉ាក់សាំងខ្ពស់ និងមិនមានករណីឆ្លងថ្មីគួរឱ្យព្រួយបារម្ភ។ ចំពោះសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ កម្ពុជារំពឹងថានឹងទទួលបានអត្ថប្រយោជន៍បន្ថែម ពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគី និងការដាក់ឱ្យប្រើប្រាស់ច្បាប់ថ្មីស្តីពីការវិនិយោគ។
យ៉ាងណាមិញ ការរាលដាលនៃជំងឺកូវីដ-១៩ នៅមិនទាន់បញ្ចប់នៅឡើយទេ ហើយហានិភ័យនៃ វីរុសបំប្លែងខ្លួនថ្មី ដែលអាចមានភាពធ្ងន់ធ្ងរ ហើយការរីករាលដាលលឿននៅតែបន្តមាន។
លោកជំទាវបន្តទៀតថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងវិធានការបិទខ្ចប់របស់ប្រទេសចិន បាននិងកំពុង ដាក់សម្ពាធលើកំណើនសេដ្ឋកិច្ចពិភពលោក។ អតិផរណាមានកម្រិតខ្ពស់រួចទៅហើយ ដោយសារ អតុល្យភាពនៃតម្រូវការ និងការផ្គត់ផ្គង់ ដែលបង្កឡើងដោយការរាលដាលនៃជំងឺកូវីដ-១៩ និង ឥទ្ធិពលនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កំពុងបានកើនឡើងបន្ថែមទៀត។
ស្ថានភាពនេះ បានជំរុញឱ្យធនាគារកណ្តាល ក្នុងប្រទេសអភិវឌ្ឍន៍ ដំឡើងអត្រាការប្រាក់គោល ដើម្បីទប់ស្កាត់កំណើតអតិផរណា ដែលការណ៍នេះ អាចបណ្ដាលឱ្យសេដ្ឋកិច្ចប្រទេសកំពុងលូត លាស់ និងកំពុងអភិវឌ្ឍន៍ប្រឈមនឹងការរឹតបន្តឹង នៃស្ថានភាពហិរញ្ញវត្ថុ លំហូរចេញមូលធន និង សម្ពាធលើអត្រាប្តូរប្រាក់។
លោកជំទាវបញ្ជាក់បន្ថែមថា «ស្ថិតក្នុងស្ថានភាពប្រឈមនេះ ធនាគារជាតិកម្ពុជា នឹងបន្តតាមដាន យ៉ាងប្រុងប្រយ័ត្ន លើវឌ្ឍភាពប្រព័ន្ធធនាគារកម្ពុជានិងសេដ្ឋកិច្ចជារួម និងត្រៀមចាត់វិធានការតាម ការចាំបាច់នានា ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ខណៈដែលការរក្សាស្ថិរភាពហិរញ្ញវត្ថុនៅតែ ជាការងារអាទិភាពចម្បង»។
លោកជំទាវបានលើកឡើងថា ប្រព័ន្ធធនាគារបន្តមានភាពរឹងមាំ និងអាចផ្តល់ឥណទានចាំបាច់ ដើម្បីគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច។ ក្នុងអំឡុងឆ្នាំ២០២១ ទ្រពសកម្ម និងប្រាក់បញ្ញើនៃប្រព័ន្ធ ធនាគារបានកើនឡើង ១៨% និង ១៧,៧% រៀងគ្នា ហើយឥណទានបានកើនឡើង ២៣,៥%។
ស្របពេលជាមួយគ្នានេះ
គុណភាពទ្រព្យសកម្មនៅបន្តមានភាពល្អប្រសើរ ជាមួយនឹងសន្ទនីយភាព មានកម្រិតខ្ពស់ជាង
ការកំណត់របស់បទប្បញ្ញត្តិ ខណៈ គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ បន្តរក្សា បាននូវភាពគ្រប់គ្រាន់នៃកម្រិតដើមទុន
ស្របតាមបទប្បញ្ញត្តិ។ លើសពីនេះ ស្របតាមគោលនយោ បាយ របស់ធនាគារជាតិនៃកម្ពុជា
គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ បានរៀបចំឥណទានឡើង វិញសរុប ៣១០. ៧៤៦ គណនី
ឬគិតជាចំនួនទឹកប្រាក់ស្មើនឹង ២០.១ ទ្រីលានរៀល (ឬប្រមាណ ១០% នៃឥណទានសរុប)
ចាប់តាំងពីការរាលដាលនៃជំងឺកូវីដ-១៩។
ក្រៅពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ
វិស័យហិរញ្ញវត្ថុមិនមែនធនាគារ បានបន្តរីកចម្រើនជាលំ ដាប់ផងដែរ។
ទីផ្សារភាគហ៊ុនកម្ពុជាបានស្វាគមន៍ការចុះបញ្ជីក្រុមហ៊ុន ទៅក្នុងទីផ្សារកំណើន
សម្រាប់សហគ្រាសធុនតូចនិងមធ្យម ជាលើកដំបូង
ចាប់តាំងពីការបង្កើតប្រភេទទីផ្សារនេះក្នុង ឆ្នាំ២០១៥។ មូលធនូបនីយកម្មទីផ្សារមូលបត្របំណុលកម្ពុជា
បានកើនឡើងដល់ ៥៤២.៤ ទ្រីលានរៀល ដោយក្នុងនោះ ៧០% ជារបស់គ្រឹះស្ថានហិរញ្ញវត្ថុ។
ចំណុចដែលគួរឱ្យកត់សម្គាល់ចុងក្រោយដូចដែលមានរៀបរាប់នៅក្នុងជំពូកថ្មីស្តីពីហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ គឺប្រព័ន្ធទូទាត់ឌីជីថល ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ព្រមទាំងបានជួយសម្រួល ដល់លំហូរប្រតិបត្តិការជួញដូរ ទំនិញនិងសេវាកម្ម ទោះបីក្នុងអំឡុងពេលបិទខ្ទប់ដែលបណ្តាលមក ពីការរាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។ ចំនួនទឹកប្រាក់សរុបនៃការទូទាត់រាយ តាមប្រព័ន្ធអេឡិច ត្រូនិកជាប្រាក់រៀល និងដុល្លារអាមេរិកបានកើនឡើង ៣៤.៥% ស្មើនឹង ៣,៨ ដងនៃផ.ស.ស. ខណៈដែលចំនួនគណនីកាបូបអេឡិចត្រូនិក (E-Wallet) បានកើនឡើងដល់ ១៣.៦ លានគណនី ដែលស្មើនឹងជាង ៨០% នៃចំនួនប្រជាជនសរុប៕