(ភ្នំពេញ)៖ រដ្ឋមន្ត្រីការពារជាតិមីយ៉ាន់ម៉ា នឹងមានវត្តមានក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ (16th ADMM) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ។
រដ្ឋមន្ត្រីការពារជាតិមីយ៉ាន់ម៉ា នឹងដឹកនាំគណៈប្រតិភូមានគ្នា៨នាក់ ដើម្បីមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រី ការពារជាតិអាស៊ាន លើកទី១៦ ដែលរៀបចំឡើងដោយផ្ទាល់ តបតាមការអញ្ជើញរបស់ សម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រី ការពារជាតិអាស៊ាន លើកទី១៦។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស សម្តេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃក្រសួងការពារជាតិ បានបញ្ជាក់នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះថា គណៈកម្មការអន្តរក្រសួង ដើម្បីទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការ ពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ នឹងរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ ដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ នៅទីស្តីការក្រសួងការពារជាតិ។
មន្ត្រីជាន់ខ្ពស់ក្រសួងការពារ ក៏បានឲ្យដឹងដែរថា រដ្ឋមន្ត្រីការពារជាតិអាស៊ាន ទាំង៨នាក់ទៀត ក៏បានឯកភាពឲ្យរដ្ឋមន្ត្រីការពារជាតិមីយ៉ាន់ម៉ា ចូលរួមកិច្ចប្រជុំនេះផងដែរ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «គ្រប់រដ្ឋមន្ត្រីការពារជាតិទាំង៩រូប គឺបានផ្តល់ព័ត៌មាន និងបាន បញ្ជាក់ពីការចូលរួម គឺរួមទាំងសហភាពមីយ៉ាន់ម៉ាផងដែរ បូកទាំងអគ្គលេខាធិការអាស៊ាន នឹងចូល រួម»។ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបន្តថា គណៈប្រតិភូរដ្ឋមន្ត្រីការពារជាតិអាស៊ាន និង អគ្គលេខាធិការអាស៊ាន ដែលចូលរួមនេះមានសមាសភាពខុសៗគ្នា ដោយគណៈប្រតិភូប្រទេស ខ្លះមានរហូតដល់ទៅ ៣៧នាក់ ខណៈដែលជាមធ្យមមានគ្នា ១០នាក់ និងមីយ៉ាន់ម៉ា មានគ្នា ៨នាក់។ ការដឹកនាំគណៈប្រតិភូ ដ៏ច្រើនសន្ធឹកសន្ធាប់មកចូលរួមកិច្ចប្រជុំដ៏សំខាន់ ក្រោមការដឹក នាំរបស់កម្ពុជា បង្ហាញឲ្យឃើញថា រដ្ឋមន្ត្រីការពារជាតិអាស៊ាន គាំទ្រ និងវាយតម្លៃខ្ពស់ ចំពោះភាព ជាប្រធានអាស៊ាន របស់កម្ពុជាតែម្តង។
សូមរំលឹកថា នាយឧត្តមសេនីយ៍ មីង អោងឡាំង ដែលបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហារទម្លាក់លោកស្រី អោងសាន ស៊ូជី (Aung San Suu Kyi) ពីអំណាចកាលពីខែកុម្ភៈ ឆ្នាំ២០២១។ ក្រោយរដ្ឋប្រហារនេះ រដ្ឋបាលមីយ៉ាន់ម៉ា មិនត្រូវបានអនុញ្ញាតឲ្យចូលរួមកិច្ចប្រជុំ សំខាន់ៗរបស់អាស៊ានឡើយ ដោយអាស៊ានលើកហេតុផលថា គ្មានវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រម ព្រៀង៥ចំណុច ពោលគឺតម្រូវឲ្យមីយ៉ាន់ម៉ាបញ្ជូនតែតួអង្គមិនមែននយោបាយតែប៉ុណ្ណោះ ខណៈរដ្ឋ បាលដែលដឹកនាំដោយ លោក មីន អោងឡាំង មិនធ្វើតាមឡើយ។
បន្ថែមលើនេះ កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (AMMR) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលត្រូវបានរៀបចំឡើងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ រាជធានីភ្នំពេញ ក៏មិនមានវត្តមានតួអង្គ នយោបាយរបស់មីយ៉ាន់ម៉ាចូលរួមដែរ ប៉ុន្តែមីយ៉ាន់ម៉ាបានចូលរួមស្តាប់តាមតំណរភ្ជាប់ (Link) អំពីកិច្ចប្រជុំ៕