(ប៉េកាំង)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២២ បញ្ជាក់ថា នៅថ្ងៃសុក្រនេះ ចិនបានចល័តនាវាផ្ទុកយន្តហោះចម្បាំងទី៣របស់ខ្លួនមាន ឈ្មោះថា ហ្វូជាន (Fujian) ទៅដាក់នៅលើផ្ទៃទឹកហើយ ដើម្បីឈានទៅរកការសាងសង់បង្ហើយ និងការធ្វើតេស្តផ្សេងៗ។
Fujian គឺជានាវាផ្ទុកយន្តហោះចម្បាំងចិនដំបូងបំផុត ដែលប្រើប្រាស់បច្ចេកវិទ្យា «អេឡិចត្រូម៉ា ញេទិច កាតាភុល (Electromagnetic Catapult)» ដើម្បីជួយដល់ការហោះឡើងរបស់យន្តហោះ ចេញពីនាវា។ ប្រព័ន្ធបច្ចេកវិទ្យានេះហើយ ដែលប្រើប្រាស់នៅលើនាវាផ្ទុកយន្តហោះចម្បាំងប្រភេទ ចឺរ៉ាល់ អ័រ ហ្វដ ក្លាស (Gerald R. Ford-class) ដែលជានាវាផ្ទុកយន្តហោះចម្បាំងជំនាន់ចុងក្រោយបំផុត របស់សហរដ្ឋអាមេរិក។ ក្រោយការចល័ត ទៅដាក់នៅលើផ្ទៃទឹកនេះ វានឹងត្រូវឆ្លងកាត់ការធ្វើតេស្តផ្សេងៗ មុនពេលអាចសម្ពោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការ ក្នុងពេលប៉ុន្មានឆ្នាំខាងមុខ៕