ក្រសួងបរិស្ថាន ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវឆ្នាំ២០២២ ពីស្ថានភាព និងរបាយសត្វក្តាន់ ក្នុង ដែនជម្រកសត្វព្រៃព្រែកប្រសព្វ ក្នុងខេត្តក្រចេះ

 (ក្រចេះ)៖ ក្រសួងបរិស្ថាន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បានប្រកាសផ្សព្វផ្សាយពីរបាយ ការណ៍ស្រាវជ្រាវឆ្នាំ២០២២ ស្តីពីស្ថានភាព និងរបាយសត្វក្តាន់ ក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ នៃតំបន់ទេសភាពព្រៃលិចទឹកមេគង្គ ក្នុងខេត្តក្រចេះ បានបង្ហាញថាមានសត្វក្តាន់សរុបចំនួន ប្រមា ណ ៨៤ក្បាល។

តាមរយៈរបាយការណ៍បានបញ្ជាក់ថា លទ្ធផលនៃការស្រាវជ្រាវនេះ បានបង្ហាញផងដែរពីវត្តមាន នៃសត្វក្តាន់វ័យជំទង់ និងកូនជាច្រើនដែលជាសញ្ញាណវិជ្ជមាន បង្ហាញពីការបន្តពូជរបស់សត្វដ៏ កម្រប្រភេទនេះ នៅក្នុងតំបន់ទីជម្រកធម្មជាតិ។

អ្នកវិទ្យាសាស្រ្តធ្លាប់បានសន្និដ្ឋានថា សត្វក្តាន់បានផុតពូជទៅហើយពីប្រទេសកម្ពុជា រហូតដល់ ឆ្នាំ២០០៦ ទើបវាត្រូវបានគេរកឃើញមានវត្តឡើងវិញ ក្នុងខេត្តក្រចេះតាមរយៈរូបភាពថត ដោយ ម៉ាស៊ីនថតស្វ័យប្រវត្តិ។ សត្វក្តាន់ ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទ សត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជជាសកល។ ការរស់រានរបស់សត្វក្តាន់ ត្រូវបានគំរាមកំហែងដោយ ការបាត់បង់ទីជម្រក ការបរបាញ់ខុសច្បាប់ និងវិបត្តិអន្ទាក់ដែល បណ្តាលមកពីការជួញដូរសត្វ ព្រៃខុសច្បាប់។

លោក អៀម សំអ៊ន់ ប្រធានផ្នែកស្រាវជ្រាវ និងតាមដានជីវៈចម្រុះនៃតំបន់ទេសភាពមេគង្គនៃអង្គការ WWF បានរៀបរាប់ថា៖ «អស់រយៈកាល១៦ឆ្នាំហើយ បន្ទាប់ពីការរកឃើញវត្តមានសត្វក្តាន់ឡើងវិញ នេះជាការចងក្រងរបាយការណ៍ ស្តីពីចំនួនសត្វក្តាន់នៅកម្ពុជាលើកដំបូង សម្រាប់ការអភិរក្សសត្វ ដ៏កម្រនៅ លើពិភពលោកមួយប្រភេទនេះ»

សត្វក្តាន់ជាប្រភេទសត្វពិបាកប្រទះឃើញ និងអង្កេតផ្ទាល់ដូចប្រភេទសត្វក្រចកជើងចំពាមដទៃ ទៀតណាស់។ ការសិក្សាស្ថានភាព និងរបាយសត្វប្រភេទនេះ បានធ្វើឡើងដោយការពង្រាយ ម៉ាស៊ីនថតស្វ័យប្រវត្តិ ក្នុងតំបន់ដែលវារស់នៅ។ ការស្រាវជ្រាវនេះ បានសហការរៀបចំដោយ ក្រុមជំនាញសត្វព្រៃ មកពីមន្ទីរបរិស្ថានខេត្តក្រចេះ នៃក្រសួងបរិស្ថាន អង្គការ WWF អង្គការ BINCO និងមានការចូលរួមពីសំណាក់សមាជិកសហគមន៍ និងអាជ្ញាធរមូលដ្ឋានផងដែរ។

បើតាម ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា «ក្រសួងបរិស្ថាន មានសេចក្តីត្រេកអរ និងមានមោនតភាពជាខ្លាំង ដែលធម្មជាតិនៃប្រទេសកម្ពុជា ផ្តល់ទីជម្រកសុខសាន្ត សម្រាប់ការរស់រានរបស់ប្រភេទសត្វសំខាន់ៗ ជាសកលដូចជាសត្វក្តាន់ ដែលត្រូវបានអ្នកវិទ្យាសាស្ត្របញ្ជាក់ពីវត្តមាន និងការបន្តពូជរបស់វា នៅក្នុងដែនជម្រកសត្វព្រៃព្រែ កប្រសព្វ។

ឯកឧត្តម បានបន្ថែមថា «ក្រសួងបរិស្ថាន រួមជាមួយនឹងអង្គការ WWF បាននឹងកំពុងបន្តកិច្ចខិត ខំប្រឹងប្រែងរបស់ខ្លួន ក្នុងការការពារ និងអភិរក្ស សត្វក្តាន់ដ៏កម្រនេះតាមរយៈការបង្កើនជីវភាព សហគមន៍មូលដ្ឋាន ការអប់រំផ្សព្វផ្សាយ និងការពង្រឹងការអនុវត្តច្បាប់ ដើម្បីទប់ស្កាត់ការកាប់ ទន្ទ្រានដីព្រៃរាល់ការបរបាញ់ និងការដាក់អន្ទាក់គ្រប់ប្រភេទ ក្នុងតំបន់ការពារធ្វើយ៉ាងណាធានា ការរស់រានរបស់សត្វក្តាន់ និងសត្វព្រៃដ៏មានតម្លៃជាសកលដ៏ទៃទៀត នៅក្នុងទីជម្រកធម្មជាតិរបស់ ពួកវា»។ ក្រៅពីមានវត្តមាននៅក្នុងប្រទេសកម្ពុជា សត្វក្តាន់នេះក៏មានរស់នៅផងដែរ ក្នុងប្រទេស ឥណ្ឌា នេបាល់ ប៊ូតាន់ បង់ក្លាដេស ភូមា និងថៃ ហើយអ្នកវិទ្យាសាស្រ្តជឿថាសត្វក្តាន់ ប្រហែលបាន ផុតពូជបាត់ទៅហើយ ពីប្រទេសចិន ឡាវ និងវៀតណាម។

លោក ឈិត គឹមអន ប្រធានក្រុមល្បាតអភរិក្សសត្វក្តាន់ បានបង្ហាញពីការតាំងចិត្តរក្សាការពារ និង អភរិក្សសត្វក្តាន់ ដែលមានវត្តមាន នៅក្នុងដែនជម្រសត្វព្រៃព្រែកប្រសព្វនេះ ឱ្យបានគង់វង្ស ដើម្បី ជាប្រយោជន៍ ដល់ប្រជាពលរដ្ឋនៅក្នុលមូលដ្ឋាន តាមរយៈការទាក់ទាញភ្ញៀវទេសមកទស្សនា សត្វក្តាន់នៅតំបន់នេះ៕