របាយការណ៍ បានអោយដឹងថា ប្រទេសកូរ៉េខាងជើង ចាយលុយ ៦៤២លានដុល្លារ លើកម្មវិធីអាវុធ នុយក្លេអ៊ែរ ក្នុងឆ្នាំ២០២១


 (សេអ៊ូល)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២ បានបញ្ជាក់ថា អង្គការប្រឆាំងនឹងអាវុធនុយក្លេអ៊ែរ បានឱ្យដឹងថាកូរ៉េខាងជើង ប្រហែលជាបានចំណាយប្រាក់ ៦៤២លានដុល្លារ លើការអភិវឌ្ឍកម្មវិធី អាវុធនុយក្លេអ៊ែររបស់ខ្លួន កាលពីឆ្នាំ២០២១ ខណៈមានការបារម្ភថា ទីក្រុងព្យុងយ៉ាងកំពុងត្រៀមធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ឡើងវិញ បើទោះជាកំពុង ប្រឈមមុខនឹងកូវីដ១៩ រួមទាំងវិបត្តិសេដ្ឋកិច្ចក៏ដោយ។

មកទល់នឹងពេលនេះមិនទាន់មានការទទួលស្គាល់ជាផ្លូវការលើទិន្នន័យស្ដីពីខ្ទង់ចំណាយលើកម្មវិធីអាវុធនុយក្លេអ៊ែរ ឬក៏ទំហំឃ្លាំងអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើងនោះទេ។ ប៉ុន្តែ អង្គការយុទ្ធនា ការអន្តរជាតិ ដើម្បីរំសាយអាវុធនុយក្លេអ៊ែរ (International Campaign to Abolish Nuclear Weapons) មានមូលដ្ឋាន ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស បានអះអាងថាការវាយតម្លៃរបស់ខ្លួន ធ្វើឡើងដោយផ្អែកលើការសន្មត់ថាកូរ៉េខាងជើង នៅតែបន្តចំណាយជាង ១ភាគ៣ នៃចំណូល​ជាតិសរុប លើវិស័យយោធា ហើយចំណាយ ៦ភាគរយនៃកញ្ចប់ថវិកាយោធាលើកម្មវិធីអាវុធ​នុយក្លេអ៊ែរ។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦មក កូរ៉េខាងជើងបានធ្វើតេស្ដអាវុធនុយក្លេអ៊ែរចំនួន ៦លើក ហើយត្រូវបានគេរាយការណ៍ថាកំពុងត្រៀមធ្វើតេស្ដ ឡើងវិញជាលើកទី៧ និងជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៧មក៕