សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ជនរួមជាតិទាំងអស់ ទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នាៗ


 (ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ (ដូសទី៥) នៅវិមានរដ្ឋសភា ដែលរៀបចំដោយក្រសួងសុខាភិបាល និងអគ្គលេខាធិ ការដ្ឋានរដ្ឋសភា។

ឆ្លៀតឱកាសនេះ សម្តេចប្រធានរដ្ឋសភា បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ទៅចាក់វ៉ាក់សាំង ដូសជំរុញឱ្យបានគ្រប់គ្នាៗ ដើម្បីការពារជំងឺកូវីដ-១៩ ដោយសារជំងឺដ៏សាហាវនេះនៅតែជាក្តីកង្វល់ របស់មនុស្សជាតិនៅឡើយ។ សម្តេចបានសង្កត់ធ្ងន់ថា មានតែវ៉ាក់សំាងទេ ដែលអាចទប់ស្កាត់ មិនឱ្យជំងឺនេះធ្លាក់ក្នុងសភាពធ្ងន់ធ្ងរបាន។ សម្តេចប្រធានរដ្ឋសភា បានអំពាវនាវដល់ជនរួមជាតិ បន្តអនុវត្តវិធានការសុខាភិបាល ដូចជា បីកុំបីការពារ ឱ្យបានខ្ជាប់ខ្ជួនជាប្រចាំ ទោះបីគ្រប់ៗគ្នាទោះ បាន ទទួលវ៉ាក់សំាងទំាងដូសមូលដ្ឋាននិងជំរុញហើយក្តី។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងការកោតសរសើរចំពោះរាជរដ្ឋាភិបាល ដែល បានខិតខំប្រឹងប្រែងការពារអាយុជីវិតប្រជាពលរដ្ឋ ជាពិសេសការអនុវត្តគោលនយោបាយវ៉ាក់សាំង បានយ៉ាងជោគជ័យ នៅក្នុងនោះកម្ពុជាមិនខ្វះវ៉ាក់សំាងចាក់ជូនពលរដ្ឋឡើយ ជាមួយផែនការច្បាស់ លាស់វែងឆ្ងាយទៅមុខទៀត ដូចជាការបង្កើតរោងចក្រផលិតវ៉ាក់សំាងនៅប្រទេសតែម្តង។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្តាប្រទេសជាមិត្ត អង្គការ ដៃគូអភិវឌ្ឍន៍ទាំងឡាយដែលបានផ្តល់ជំនួយជាថវិកា វ៉ាក់សាំង និងឧបករណ៍វិទ្យាសាស្រ្តសុខា ភិបាលដល់កម្ពុជា ក្នុងការទប់ស្កាត់ ការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ រហូតមក៕