នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ លើកឡើងថា កូនខ្មែរគួររីករាយ នឹងវត្តមានអាវុធយុទ្ធភណ្ឌទំនើប ព្រោះជាការពង្រឹងសមត្ថភាពការពារបូរណភាពទឹកដី


(ភ្នំពេញ)៖ អាវុធកាំជ្រួចផ្លោងចម្ងាយឆ្ងាយ ដែលជាប្រភេទសព្វាវុធធុនធ្ងន់ និងទំនើប ត្រូវបាន បង្ហាញវត្តមាននៅកម្ពុជា។ វីដេអូបង្ហាញពីវត្តមានរថយន្តបំពាក់កាំជ្រួចផ្លោងមាន១២កាណុង ដែល គេស្គាល់ឈ្មោះថា PHL-03 ចំនួនពីរគ្រឿង ត្រូវបានគេចែកចាយតាមបណ្តាញសង្គមហ្វេសប៊ុក ហើយក៏ទទួលបានការចាប់អារម្មណ៍ខ្ពស់ផងដែរ។

ឆ្លើយតបនឹងការសាកសួររបស់សារព័ត៌មានក្នុងស្រុកមួយ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេ បញ្ជាការរង និងជានាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា កាំជ្រួញផ្លោង ដែលបាញ់បានចម្ងាយឆ្ងាយនេះ ត្រូវបានដឹកមកដល់កម្ពុជាកាលពីពេលថ្មីៗនេះ។ បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ កាំជ្រួចផ្លោងនេះ មិនមែនមានតែពីរគ្រឿងនេះទេ។

ជាមួយវត្តមានអាវុធទំនើប ហើយអាចបាញ់បានរហូតដល់ជាង ១០០គីឡូម៉ែត្រនេះ នាយឧត្តម សេនីយ៍ ឥត សារ៉ាត់ បានលើកឡើងថា កូនខ្មែរគួរតែរីករាយ និងសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទិញនូវសព្វាវុធទំនើបៗ មកបំពាក់ក្នុងវិស័យការពារជាតិ ព្រោះជាជួយពង្រឹងដល់សមត្ថ ភាពនៃការការពារបូរណភាពទឹកដី។

«យើងទាំងអស់គ្នាជាពលរដ្ឋខ្មែរគួរតែរីករាយ និងសប្បាយចិត្ត ហើយអបអរសាទរចំពោះអ្វីដែលកង យោធពលខេមរភូមិន្ទយើងទទួលបានការបំពាក់នូវគ្រឿងសម្ភារៈយុទ្ធោបករណ៍ដែលទំនើបៗ»។ នេះជាការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់។ បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ កាំជ្រួចផ្លោងនេះបាញ់ដោយប្រើប្រព័ន្ធបច្ចេកវិទ្យា ហើយជាការទិញដោយរាជរដ្ឋាភិបាលកម្ពុជា។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់បន្ថែមថា «យើងទាំងអស់គ្នាជាខ្មែរ ត្រូវតែគាំទ្រ។ ការបំពាក់នេះធ្វើយ៉ាងម៉េចឱ្យកងទ័ពយើងមានសមត្ថភាពក្នុងការការពារជាតិមាតុភូមិ។ យើងអត់មានគោលបំណងទៅគំរាម កំហែងនរណាទេ គឺដើម្បីតែការពារជាតិរបស់យើង»

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា តាមរយៈសព្វាវុធទាំងនេះ បើធៀបនឹងប្រទេស ជិតខាង គឺមិនទាន់ដល់គេទេ តែរាជរដ្ឋាភិបាលនៅតែបន្តប្រឹងប្រែងអភិវឌ្ឍន៍ សមត្ថភាពឃឿន ការពារជាតិកម្ពុជាឱ្យកាន់តែល្អប្រសើរថែមទៀត។

«រដ្ឋាភិបាលយើងបានខិតខំជាបណ្តើរៗ ដើម្បីបំពាក់ និងកសាងសមត្ថភាពរបស់កងទ័ពយើងឱ្យល្អ។ យើងទាំងអស់គ្នាជាខ្មែរត្រូវតែរួមសាមគ្គីគ្នា ដើម្បីគាំទ្រ អបអរសាទរ និងថ្លែងអំណរគុណរាជរ ដ្ឋាភិបាល ដែលបានខិតខំរកយុទ្ធោបករណ៍មកបំពាក់ដល់កងយោធពលខេមរភូមិន្ទ»។ នេះជាការលើកឡើងរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់។

បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ទន្ទឹមនឹងការនាំមកនូវយុទ្ធោបករណ៍ទំនើបនេះ កម្អុជាក៏​កំពុងហ្វឹកហ្វឺនកងទ័ពឱ្យចេះប្រើប្រាស់នូវយុទ្ធោបករណ៍ទាំងនេះផងដែរ៕