គ.ជ.ប នឹងប្រកាសលទ្ធផលបឋមអំពីចំនួនអាសនៈ និងសំឡេងឆ្នោត ដែលគណបក្សនយោបាយ ទទួលបាននៅថ្ងៃនេះ


 (ភ្នំពេញ)៖ យោងតាមការបញ្ជាក់របស់ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ជូនបណ្តាញ ព័ត៌មានក្នុងស្រុកមួយអោយដឹងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងប្រកាស លទ្ធផលបឋម អំពីចំនួនអាសនៈ និងសំឡេងឆ្នោត ដែលគណបក្សនយោបាយទទួលបាន ក្រោយ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២នេះ។

ឯកឧត្តម បានបន្ថែមថា លទ្ធផលបឋមនេះ នឹងត្រូវបិទប្រកាសតាមមូលដ្ឋាននានានៅតាមឃុំសង្កាត់ ទូទាំងប្រទេស និងផ្សព្វផ្សាយតាមបណ្តាញផ្លូវការរបស់គ.ជ.ប ចំណែកលទ្ធផលផ្លូវការ នឹងត្រូវ ប្រកាសនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

តាមសេចក្តីប្រកាសរបស់គ.ជ.ប បានឱ្យដឹងថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តទី៥ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ មានប្រជាពលរដ្ឋប្រមាណជាង ៨០.១៩ភាគ រយបានទៅបោះឆ្នោត ក្នុងចំណោមប្រជាពលរដ្ឋជាង៩.២លាននាក់ ដែលមានឈ្មោះនៅក្នុង បញ្ជីបោះឆ្នោត។

គណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនៅមូលដ្ឋាននេះ ខណៈដែលគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ទទួលបានសំឡេងនាំមុខគេ នៅគ្រប់បណ្តារាជធានីខេត្ត ទូទាំងប្រទេស៕