(ឡុងដ៍)៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៨ ខែមិថុនា ឆ្នាំ២០២២ បានបញ្ជាក់ថា ទាហានអ៊ុយក្រែនច្រើនជាង ១០០០ នាក់ ដែលបានទម្លាក់អាវុធចុះចាញ់ នៅក្នុងទីក្រុងម៉ារីយូប៉ូល (Mariupol) ត្រូវបានបញ្ជូនទៅកាន់ ប្រទេសរុស្ស៉ី សម្រាប់ការស៊ើបអង្កេត។
ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS ធ្វើសេចក្ដីរាយការណ៍ខាងលើនៅថ្ងៃអង្គារសប្ដាហ៍នេះ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីអនុវត្តច្បាប់ រុស្ស៉ីម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ មន្ត្រីរូបនេះបានបញ្ជាក់ដូច្នេះថា «មានមនុស្សច្រើនជាង ១០០០នាក់ ក្នុងរោងចក្រអាហ្សូវស្ទល (Azovstal) ត្រូវបានផ្ទេរទៅកាន់ប្រទេសរុស្ស៉ី»។ យ៉ាងណាក៏ដោយ មន្ត្រីរូបនេះមិនបានបញ្ជាក់ អ្វីបន្ថែមទេ តែបើព័ត៌មាននេះជាការពិត នោះវានឹង បង្កឧបសគ្គកាន់តែច្រើនដល់កិច្ចចរចាសន្តិភាព រវាងរុស្ស៉ី និងអ៊ុយក្រែន ដែលកំពុងជាប់គាំងស្រាប់។
គួរបញ្ជាក់ថា កន្លងមក អ៊ុយក្រែន ធ្លាប់បាននិយាយថាខ្លួនមានបំណងចង់ដោះដូរឈ្លើយសឹក ជា មួយរុស្ស៉ី ប៉ុន្តែ សមាជិកសភារុស្ស៉ីមួយចំនួន បានទាមទារឱ្យមានសវនាការកាត់ទោសទាហាន អ៊ុយក្រែន ដែលការពាររោងចក្រអាហ្សូវស្ទល៕