ប្រធាន គ.ជ.ប អំពាវនាវឱ្យពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រៀមខ្លួន និងឯកសារ ដើម្បីចូលរួម បោះឆ្នោតឱ្យបានគ្រប់ៗគ្នា


 (ភ្នំពេញ)៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាន ចេញសារអំពាវនាវឱ្យ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១ ទាំងអស់ត្រៀម ខ្លួន និងត្រៀមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្ត សញ្ញាណ បម្រើឱ្យការបោះឆ្នោត (ឯ.អ) ដើម្បីចូលរួមបោះឆ្នោត នៅថ្ងៃបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ទី៥ ខែ មិថុនា ឆ្នាំ២០២២ ចាប់ផ្តើមពីម៉ោង ៧:០០ព្រឹក រហូតដល់ម៉ោង៣:០០រសៀល។ ការបោះឆ្នោតនេះ កាន់តែខិតជិតមកដល់ហើយ ហេតុនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមអំពាវនាវ ដូចតទៅ៖

* សូមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២១ ទាំងអស់ត្រៀមខ្លួន និងត្រៀម អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើ ឱ្យការបោះឆ្នោត (ឯ.អ) ដើម្បីចូលរួមបោះឆ្នោត នៅថ្ងៃបោះឆ្នោតឱ្យបានគ្រប់ៗគ្នា

* ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២១ ដែលបានប្រើឯកសារ បញ្ជាក់អត្ត សញ្ញាណ បម្រើឱ្យការចុះឈ្មោះបោះឆ្នោត ហើយមិនទាន់មាន អ.ខ ឬ អ.ខ បានអស់សុពលភាព ឬមិនទាន់ទទួលបាន ឬបាត់ ឬខូច ឬកែតម្រូវសូមប្រញាប់រួសរាន់ទៅស្នើសុំ ឯ.អ ពីគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និងអាជ្ញាធរឃុំ សង្កាត់ នៃឃុំ សង្កាត់ ដែលខ្លួនត្រូវទៅបោះឆ្នោតឱ្យបាន ទាន់ពេលវេលា

* ការចេញ ឯ.អ នឹងបញ្ឈប់ត្រឹមថ្ងៃសុក្រ ទី៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៥:៣០នាទីល្ងាច។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមឱ្យប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះ ឆ្នោត ផ្លូវការឆ្នាំ២០២១ ទាំងអស់ មេត្តាអញ្ជើញទៅបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោតតាម កាលបរិច្ឆេទ និងពេលវេលាកំណត់ខាងលើឱ្យបានគ្រប់ៗគ្នា៕