(ភ្នំពេញ)៖ កម្ពុជា-បង់ក្លាដែសបានប្តេជ្ញាបន្តពង្រឹងនូវកិច្ចព្រមព្រៀងលើវិស័យការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈជាមួយគ្នាទៀត ខណៈកិច្ចព្រមព្រៀងលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងប្រទេសទាំងពីរជិតផុតសុពលភាពហើយនោះ។
ការបញ្ជាក់បែបនេះត្រូវបានធ្វើឡើង នាឱកាស ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតលោក មហាម៉េដ អាប់ឌុល ហ៊ី ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ ប្រជាមានិតបង់ក្លាដែសប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នាទីស្តីការក្រសួងការងារ។
ឯកឧត្តម អ៊ិត សំហេង បានបញ្ជាក់ថា សម្រាប់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា-បង់ក្លាដែសមានអនុស្សរណៈនៃការយោគយល់គ្នាតាំងពីឆ្នាំ២០១៧មកម្ល៉េះ ក្រុមការងារបច្ចេក ទេសបានធ្វើកិច្ចការស្របទៅនឹងកិច្ចព្រមព្រៀងជាមួយគ្នានេះ ដោយសារកូវីដ-១៩ធ្វើឲ្យអាក់ខាន រយៈពេលពីរឆ្នាំហើយថ្ងៃនេះភាគីទាំងពីរមានឱកាសពិភាក្សាដើម្បីបន្តកិច្ចសហប្រតិបត្តិការនេះជាមួយគ្នា។
លោក មហាម៉េដ អាប់ឌុល ហ៊ី រីករាយចំពោះកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ភាគីទាំងពីរនឹងវិលត្រឡប់មកអនុវត្តន៍កិច្ចការងារដែលបានព្រម ព្រៀងគ្នាស្របទៅនឹង MoU។ នៅក្នុងដំណើរចុះទស្សនកិច្ចរបស់លោកអគ្គរដ្ឋទូត ដែលបានចុះជួប ផ្ទាល់ជាមួយជនជាតិបង់ក្លាដែស ដែលកំពុងបម្រើការងារនៅក្នុងប្រទេសកម្ពុជាលើផ្នែកសេវាកម្ម សំណង់ ភោនីយដ្ឋាន ធនាគារជាដើមនោះ ឃើញថាពលរដ្ឋបង់ក្លាដែសទទួលបានការគាំពារ និង យកចិត្តទុកដាក់បានយ៉ាងល្អពីកម្ពុជា ដែលអាចឲ្យពួកគេមានលទ្ធភាពបើកដំណើរការអាជីវកម្ម របស់ខ្លួនបានប្រសើរ។
លោកឯកអគ្គរដ្ឋទូតបានស្នើក្រុមការងារបច្ចេកទេសខាងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជាទៅកាន់ទីក្រុងដក្កា ដើម្បីប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសបង់ក្លាដែសលើកទី២ លើការបន្ត MoU ព្រមទាំងបានអញ្ជើញ ឯកឧត្តម អ៊ិត សំហេង ចុះបំពេញទស្សនកិច្ចជាមួយក្រុម ការងារកម្ពុជាតែម្តងនៅបង់ក្លាដេស។
ទន្ទឹមនឹងនេះ ឯកឧត្តម រដ្ឋមន្ត្រីមើលឃើញថា វិស័យការងាររបស់ប្រទេសទាំងពីរប្រហាក់ប្រហែល គ្នាជាប្រទេសផលិត និងនាំចេញ ពិសេសវិស័យវាយនភណ្ឌកាត់ដេរ។
កម្ពុជាមានលក្ខខណ្ឌការងារដែលផ្សាភ្ជាប់ទៅនឹងការនាំចេញ កិច្ចព្រមព្រៀងនេះបានផ្តល់ឱកាស ដល់អ្នកវិនិយោគ។ បា្រក់ឈ្នួលនៅកម្ពុជាមានការដំឡើងខ្ពស់ សម្រាប់ការប្រកួតប្រជែងគឺពិបាក ហើយវាក៏ប្រសើរផងដែរសម្រាប់ជីវភាពកម្មករនិយោជិតរបស់កម្ពុជា។ ភាគីទាំងពីរអាចចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមកលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ។ ពលករបង់ក្លាដែសប្រមាណ៤០០នាក់ ដែលទទួលបានប័ណ្ណការ ងារពីក្រសួងការងារកម្ពុជា ដោយទទួលបាននូវការថែទាំសុខភាព និងរបបហានិភ័យការងារពី ប.ស.ស ដូចកម្មករនិយោជិតរបស់កម្ពុជាដែរ។
សម្រាប់ការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ បង់ក្លាដេសមានការរីកចម្រើនខាងបច្ចេកទេសផ្នែក កសិកម្ម ដោយកម្ពុជាផ្តល់អាទិភាពខ្ពស់ទៅលើវិស័យកសិកម្ម កម្ពុជាប្រើប្រាស់គ្រឿងចក្រស្ទើរ តែ១០០ភាគរយទៅហើយ តម្រូវការធនធានមនុស្សសម្រាប់វិស័យនេះក៏កាន់តែច្រើន ហេតុដូចនេះ កម្ពុជាក៏ត្រូវការឲ្យបង់ក្លាដែសជួយបណ្តុះបណ្តាលផ្នែកនេះផងដែរ៕