ឯកឧត្តម នេត្រ ភក្ត្រា៖ គោលនយោបាយ និងភាពជាអ្នកដឹកនាំពិតប្រាកដរបស់បក្សប្រជាជន ជាទំនុកចិត្តដ៏រឹងមាំរបស់ពលរដ្ឋម្ចាស់ឆ្នោត


 (កំពត)៖ ឯកឧត្តម នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះ មូលដ្ឋានក្រុងបូកគោ បាន លើកឡើងថា គោលនយោបាយ និងភាពជាអ្នកដឹកនាំពិតប្រាកដរបស់គណបក្សប្រជាជនកម្ពុជា គឺជាទំនុកចិត្តដ៏រឹងមាំរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត។

នាថ្ងៃទី៩ នៃយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម នេត្រ ភក្ត្រា បានបន្តដឹកនាំក្រុមការងារ និងបេក្ខភាពនៃសមាជិក ក្រុមប្រឹក្សាសង្កាត់កោះតូច ក្រុងបូកគោ ចុះឃោសនារកសំឡេងឆ្នោតតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយអភិវឌ្ឍឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ របស់ គណបក្សប្រជាជនកម្ពុជា។ពេលនោះហើយដែលលោកថ្លែងប្រាប់ប្រជាពលរដ្ឋពីគោលនយោបាយរបស់គណបក្សប្រជាជនជាបក្សដែលតែងមានចក្ខុវិស័យត្រឹមត្រូវច្បាស់លាស់ក្នុងការបម្រើប្រជាពលរដ្ឋ និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាហ៊ានថា ហ៊ានធ្វើ ហ៊ានទទួល ខុសត្រូវ និងខិតខំប្រឹងប្រែងក្នុងការបម្រើប្រជាពលរដ្ឋស្របតាមគោលនយោបាយដែលបានដាក់ចុះ ហើយគោលនយោបាយនេះបានផ្តល់លទ្ធផលជាវិជ្ជមានក្នុងដំណើរការអភិវឌ្ឍឃុំ-សង្កាត់ និង ទទួលបានការអបអរសាទរពីប្រជាពលរដ្ឋ។

ឯកឧត្តមអនុប្រធានបានថ្លែងថាគោលនយោបាយគណបក្សប្រជាជនកម្ពុជាជាគោលនយោបាយប្រាកដនិយម មិនមែនជាគោលនយោបាយស្រមើស្រមៃ ឬសន្យាខ្យល់នោះឡើយ។

ឯកឧត្តម បានលើកឡើងថា លទ្ធផលជាក់ស្តែងបានបង្ហាញយ៉ាងច្បាស់ថាគោលនយោបាយដាក់ ចុះមានភាពត្រឹមត្រូវ និងបានផ្តល់ផលប្រយោជន៍ពិតប្រាកដជូនដល់ប្រជាពលរដ្ឋ និងធ្វើឱ្យការគ្រប់ គ្រងអភិវឌ្ឍឃុំ-សង្កាត់នៅទូទាំងប្រទេសមានការរីកចម្រើនជាលំដាប់។ ដោយសារតែគោលនយោបាយដ៏ត្រឹមត្រូវនេះហើយ ទើបប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលុបជា ម្ចាស់ឆ្នោតបានគាំទ្រនិងបោះឆ្នោតគាំទ្រគ្រប់ពេលបោះឆ្នោតទាំងអស់ដែលអនុញ្ញាតឱ្យគណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោត ឈានទៅមានលទ្ធភាពពេញលេញក្នុងការបម្រើប្រជាពលរដ្ឋ និងការពារថែរក្សាសុខសន្តិភាព និងអភិវឌ្ឍប្រទេសជាតិ។

ជាមួយគ្នានោះ ឯកឧត្តម នេត្រ ភក្ត្រា បានជម្រាបជូនប្រជាពលរដ្ឋពីសមិទ្ធផលនានាដែលគណបក្ស ប្រជាជនកម្ពុជាបានសម្រេចក្នុងកសាងស្ថាបនាជាតិ និងប្រជាជនចាប់តាំងពីថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ នាំយកសុខសន្តិភាពពេញលេញ ក្រោមការអនុវត្តនយោបាយឈ្នះ-ឈ្នះដែលដាក់ ចុះដោយសម្តេចតេជោ ហ៊ុន សែន។ ដោយសារតែកត្តាសុខសន្តិភាពពេញលេញនេះហើយ ទើប កម្ពុជាមានឱកាសគ្រប់គ្រាន់ដើម្បីកសាងប្រទេសឱ្យមានការរីកចម្រើនអភិវឌ្ឍ មានកំណើនសេដ្ឋកិច្ច កើនឡើងក្នុងរង្វង់៧%ក្នុងមួយឆ្នាំ នារយៈពេល២០ឆ្នាំជាប់ៗគ្នានេះ បានធ្វើឱ្យជីវភាពប្រជាពល រដ្ឋកើនឡើង និងកាន់តែមានភាពប្រសើរ ព្រមទាំងបានកសាងកម្ពុជាមួយដែលរឹងមាំមានកិត្យានុ ភាពជាតិខ្ពង់ខ្ពង់ ស្មើសិទ្ធិស្មើភាពជាមួយបណ្តាប្រទេសនានានៅលើសកលលោក។

ឯកឧត្តម ថា ចុងក្រោយនេះ កម្ពុជាដែលពិភពលោកប្រសិទ្ធនាមថា «ប្រទេសតូចពិត តែបេះដូង ទូលាយ» បានកសាងខឿនការពារសុខមាលភាពសម្រាប់ប្រជាពលរដ្ឋខ្លួន តាមរយៈការអនុវត្ត នយោបាយវ៉ាក់សាំងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់លើ ពិភពលោកលើការចាក់វ៉ាក់សាំងជូនពលរដ្ឋបានច្រើនជាងគេ។ គួរកត់សម្គាល់ដែរថា រយៈពេល ជិត២០ថ្ងៃជាប់គ្នានេះ នៅទូទៅប្រទេសកម្ពុជាគ្មានការឆ្លងជំងឺកូវីដ១៩នោះឡើយ។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា សមិទ្ធផលទាំងនេះគឺកើតចេញពីភាពជាអ្នកដឹកនាំដ៏ត្រឹម ត្រូវរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសភាពជាអ្នកដឹកនាំពិតប្រាកដរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាគណបក្សប្រជាជនកម្ពុជា ដែលទទួលបាននូវសេចក្តីទុកចិត្តដ៏រឹងមាំពី ពលរដ្ឋម្ចាស់ឆ្នោត។

អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោរូបនេះបានជម្រាបជូនប្រជាពលរដ្ឋទៀតថា ការជ្រើសរើសគណបក្សដែលខ្លួនស្រឡាញ់ សូមកុំជ្រើសរើសទៅតាមអារម្មណ៍របស់ ខ្លួនប៉ុន្តែត្រូវ ជ្រើសរើសទៅតាមគោលនយោបាយ និងភាពជាអ្នកដឹកនាំពិតប្រាកដរបស់ថ្នាក់ដឹកនាំនៃគណ បក្សនីមួយៗនោះ បន្ថែមពីលើប្រវត្តិចលនាគណបក្ស។

ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕