(ភ្នំពេញ)៖ ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអះអាងថា តាម របាយការណ៍របស់ កម្មវិធីជាតិសុខភាពភ្នែក ទៅលើការស្រាវជ្រាវថ្មីៗនេះ នៅកម្ពុជាមានអត្រា នៃភាពពិការភ្នែក បានធ្លាក់ ចុះពី០.៣៨ % មក ០.៣៧ % ក្នុងចំណោមពលរដ្ឋទូទៅ និង ២.៨ % មក២.៥ % ចំពោះពលរដ្ឋកម្ពុជាដែល មានអាយុចាប់ពី៥០ឆ្នាំឡើងទៅ។
ឯកឧត្តម អះអាងបន្ថែមថា អត្រាការធ្លាក់ចុះនៃភាពពិការភ្នែកនេះ បានបង្ហាញនូវភាពជោគជ័យមួយ បន្ថែមទៀត របស់កម្មវិធីជាតិសុខភាពភ្នែក និងមន្ត្រីសុខាភិបាល គ្រប់ជាន់ថ្នាក់ដែលបានខិតខំផ្តល់ សេវាសុខភាព ភ្នែកដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ក្រៅពីនេះប្រទេសកម្ពុជា បានសំរេចនូវ សមិទ្ធិផលដ៏ធំធេងមួយទៀត គឺការលុបបំបាត់ជំងឺត្រាក់កូម រឺជំងឺអៀស៊ីភ្នែក ឲ្យអស់តាំងពីឆ្នាំ ២០១៥មក ដែលទទួលស្គាល់ដោយ អង្គការសុខភាពពិភពលោក។
ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងបែបនេះ ក្នុងឱកាសបើកសិក្ខាសាលា ផ្សព្វផ្សាយផែន ការ យុទ្ធសាស្ត្រជាតិស្តីពីការគ្រប់គង និងបង្ការភាពពិការភ្នែក ២០២១-២០៣០ នៅសណ្ឋាគាភ្នំ ពេញ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។ កម្មវិធីនេះ មានការចូលរួមដោយ ឯកអគ្គរាជទូត អូស្ត្រា លី ប្រចាំកម្ពុជា បាបប្លូ កាំង(Pablo Kang) រួមទាំង ប្រធាននាយកដ្ឋាន តំណាងរដ្ឋបាលខេត្ត-ក្រុង ប្រធានមន្ទីរសុខាភិបាល ប្រធានអង្គការជាតិ និងអន្តរជាតិ ជាដៃគូអភិវឌ្ឍន៍ ប្រធានមន្ទីរពេទ្យ ប្រធានអគារចក្ខុរោគ និងតំណាងភាគីពាក់ព័ន្ធជាច្រើនទៀត។
ឯកឧត្តម រដ្ឋមន្រ្តី បានសម្តែងការអរគុណ និងកោតសរសើរ ចំពោះក្រុមការងារកម្មវិធីជាតិសុខភាព ភ្នែក នាយកដ្ឋានផែនការព័ត៌មាននៃក្រសួងសុខាភិបាល ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែន រដ្ឋាភិ បាលក្នុងនិងក្រៅស្រុក ដែលបានខិតខំតាក់តែងចងក្រង និងអភិវឌ្ឍន៍ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការ គ្រប់គ្រង និងបង្ការភាពពិការភ្នែក ២០២១-២០៣០ សម្រាប់ប្រទេសកម្ពុជាដែលមាន លក្ខណៈស្របទៅនឹង ចក្ខុវិស័យ២០៣០(Insight 2030)របស់អង្គការសុខភាពពិភពលោក និងទី ភ្នាក់ងារអន្តរជាតិសម្រាប់បង្ការភាព ពិការភ្នែក។
ឯកឧត្តម ចាត់ទុកថា ផែនការយុទ្ធសាស្ត្រនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីបន្តអភិវឌ្ឍន៍ក្នុង ការកាត់បន្ថយភាពពិការភ្នែក និងគំហើញថយចុះសម្រាប់ប្រជាជនកម្ពុជា ជាពិសេសមនុស្សចាស់ ដែលមានកំណើនកាន់តែច្រើនឡើងៗ ហើយក៏ជួយលើកមុខមាត់ប្រទេសកម្ពុជា ជាប្រទេសឈាន មុខមួយក្នុងតំបន់ដែលអត្រាភាពពិការភ្នែកកម្រិតទាបជាងប្រទេសជិតខាងគួរឱ្យមោទនៈ។ ក្រៅពីនេះផែនការយុទ្ធសាស្ត្រនេះ មានធាតុចូលយ៉ាងច្រើនទៅក្នុង ផែនការយុទ្ធសាស្ត្រសុខាភិបាល ឆ្នាំ២០២២- ២០៣០ និងផែនការយុទ្ធសាស្ត្រជាតិក្នុងការប្រយុទ្ធនឹងជំងឺមិនឆ្លង២០២២-២០៣០ របស់ក្រសួងសុខាភិបាល។
ឯកឧត្តម រដ្ឋមន្រ្តី បានបន្ថែមទៀតថា ជាងពីរទសវត្សរ៍កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានបន្ត ខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការពង្រឹង គុណភាព និងពង្រីកវិសាលភាពសុខភាពភ្នែកក្រោម គោលនយោបាយសមធម៌សុខភាពសាធារណៈរបស់ ក្រសួងសុខាភិបាលនៃរាជរដ្ឋាភិបាលកម្ពុជា។ ក្រសួងសុខភិបាលតាមរយៈកម្មវិធីជាតិសុខភាពភ្នែក បានបង្កើនពង្រឹងគុណភាពនៃការផ្តល់សេវា ចក្ខុសាស្តនិងពង្រីកវិសាលភាពសុខភាពភ្នែកទៅដល់តំបន់ដាច់ស្រយាលនៅទូទាំងប្រទេសកម្ពុជា។ ការថែទាំសុខភាព ភ្នែកបឋម ប្រព័ន្ធបញ្ចូនអ្នកជំងឺ និងប្រព័ន្ធព័ត៍មានត្រូវបានអភិវឌ្ឍន៍កាន់តែប្រសើ ឡើងហើយត្រូវធ្វើសមាហរណ៍ កម្មដាក់បញ្ចូលទៅក្នុងប្រព័ន្ធថែទាំសុខភាពនៅគ្រប់កម្រិតទាំង អស់។ ក្រសួងសុខាភិបាល ក៏បានធ្វើការវាយតម្លៃខ្ពស់ពីសមិទ្ធផល និងការអភិវឌ្ឍន៍នានា ក្នុង វិស័យចក្ខុរោគរយៈពេល ប្រមាណ២៦ឆ្នាំកន្លងមកនេះ ពិតជាបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការជួយកាត់បន្ថយភាពក្រីក្រតាមរយៈ ការអភិឌ្ឍន៍ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងការ អប់រំផ្សព្វផ្សាយយល់ដឹងស្តីពី សុខភាពភ្នែក និងការផ្តល់សេវាចក្ខុសាស្ត្រដល់មូលដ្ឋាន និងដល់ ប្រជាពលរដ្ឋទូទាំងប្រទេស។
យ៉ាងណាមិញ បម្រែបម្រួលនៃប្រជាករ និងការរីកចម្រើនលើវិស័យបច្ចេកវិទ្យា បានធ្វើឲ្យតម្រូវការ សុខភាពភ្នែកមានការកើនឡើង ដែលទាមទារឲ្យយើងបង្កើតផែនការយុទ្ធសាស្ត្រជាតិ លើកទី៣ សម្រាប់ការ គ្រប់គ្រង និងបង្ការភាពពិការភ្នែកដល់ឆ្នាំ២០៣០ ដោយមានគោលបំណងរួម កាត់ បន្ថយអត្រាប្រេវ៉ាឡង់ នៃភាពពិការភ្នែកមកត្រឹម ០,៣៥% នៅឆ្នាំ២០៣០ ដែលជាមហិច្ឆតាមួយ ដែលតម្រូវឲ្យពហុស្ថាប័នឯកជននិង រដ្ឋ ព្រមទាំងដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាលក្នុង និងក្រៅស្រុកចូលរួមទាំងអស់គ្នាដើម្បីសម្រេចឲ្យ បាននូវគោលបំណងខាងលើ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង។
ឯកឧត្តម រដ្ឋមន្រ្តីមានជំនឿយ៉ាងមុតមាំថា ស្ថាប័នសុខាភិបាល និងរដ្ឋបាលខេត្តគ្រប់លំដាប់ថ្នាក់ចូល រួមនឹងប្រែក្លាយ ផែនការយុទ្ធសាស្ត្រនេះ ឱ្យទៅជាផែនការសកម្មភាព ដើម្បីពង្រីកនិងពង្រឹងបន្ថែម ទៀត ក្នុងការផ្តល់សេវាសុខភាពភ្នែកកាន់តែប្រសើរឡើង សម្រាប់ប្រជាជនរបស់យើង។ ឯកឧត្តម ក៏សង្ឃឹមដែរថា វិស័យពាក់ព័ន្ធ និងដៃគូទាំងអស់ នឹងបន្តគាំទ្រដល់ការអនុវត្តផែនការយុទ្ធសាស្ត្រ នេះ ដើម្បីឈានទៅសម្រេចគោលដៅនៅឆ្នាំ២០៣០ខាងមុខនេះ៕