(ប៉េកាំង)៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK នៅថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២ បានបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានព្រមានថា ការ បញ្ជូនអាវុធទៅឲ្យអ៊ុយក្រែន មិនមានជាដំណោះស្រាយ ឬជាការបោះ ជំហានឆ្ពោះទៅរកសន្តិភាព នោះទេ។
ការកត់សម្គាល់ខាងលើរបស់លោក វ៉ាង យី ធ្វើឡើងកំលុងពេលដែលលោកធ្វើជាប្រធាននៃកិច្ច ប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសប្រីជស៍ (BRICS) ដែលរួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ ក្នុងឱកាសនោះ លោក វ៉ាង ក៏បានលើកឡើង ពីបញ្ហាសន្តិសុខ របស់អឺរ៉ុបដែរ ដោយសង្កត់ធ្ងន់ថាបញ្ហានឹងមិនត្រូវបានដោះស្រាយតាមរយៈទណ្ឌ កម្ម ឬការដាក់សម្ពាធឡើយ ហើយចិនគាំទ្រកិច្ចចរចាសន្តិភាពរវាងរុស្ស៉ី និងអ៊ុយក្រែន ជាមួយការ ជំរុញឲ្យអង្គការណាតូ (NATO) ក៏ដូចជាសហភាពអឺរ៉ុប (EU) ដឹកនាំកិច្ចសន្ទនាឲ្យបានគ្រប់ជ្រុង ជ្រោយជាមួយរុស្ស៉ី។
លោកបានបន្ថែមថា ជុំវិញជម្លោះរុស្ស៉ី-អ៊ុយក្រែននេះដែរ ក្រុមប្រទេស BRICS គួរតែរក្សាឯករាជ្យ ភាពនៃប្រទេសរបស់ខ្លួន ដើម្បីសន្តិភាពរបស់អ៊ុយក្រែន។
គួរបញ្ជាក់ថា ប្រទេសចិន និងឥណ្ឌា មិនបានហៅសកម្មភាពរបស់រុស្ស៉ីនៅអ៊ុយក្រែនថាជាការ ឈ្លានពាននោះទេ ខណៈរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡារ៉ូវ (Sergey Lavrov) បាន ផ្តល់សក្ខីកម្មលើសកម្មភាព ដែលកំពុងបន្តរបស់ទីក្រុងមូស្គូ នៅឯអ៊ុយក្រែន ថាជាប្រតិបត្តិការយោធាពិសេស៕