ប្រទេសស៊ុយអែត, ហ្វាំងឡង់ នឹងដាក់ពាក្យសុំចូល NATO នៅថ្ងៃពុធសប្ដាហ៍នេះ


 (ស្ដុកខុល)៖ នាយករដ្ឋមន្ត្រីស៊ុយអែត លោកស្រី ម៉ាកដាឡេណា អាន់ឌឺសសុន (Magdalena Andersson) បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា ប្រទេសស៊ុយអែត និងហ្វាំងឡង់ នឹងដាក់ ពាក្យសុំចូលជាសមាជិកបក្សសម្ព័ន្ធយោធា NATO ព្រមគ្នា នៅថ្ងៃពុធសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២។

លោកស្រី Magdalena Andersson ធ្វើការកត់សម្គាល់ខាងលើនាឱកាសធ្វើសន្និសីទសារព័ត៌ មានរួមគ្នាជាមួយប្រធានាធិបតីហ្វាំងឡង់ លោក សៅលី នីនីស្ដូ (Sauli Niinisto) ដែលបំពេញ ទស្សនកិច្ចនៅស៊ុយអែត។ លោកស្រី Andersson បានគូសបញ្ជាក់ដូច្នេះថា «សមាជិកភាព NATO នឹងជួយពង្រឹងសន្តិសុខនៅក្នុង ប្រទេសស៊ុយអែត រួមទាំងតំបន់បាល់ទិកទាំងមូល ហើយការដាក់ពាក្យ ព្រមគ្នាជាមួយហ្វាំងឡង់ មានន័យថាយើងអាចចូលរួមចំណែកដើម្បីសន្តិសុខនៅក្នុងតំបន់ អឺរ៉ុបខាង ជើង»

សូមបញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះបានព្រមាន ថាមូស្គូនឹងចាត់វិធានការឆ្លើយតប ប្រសិនបើ NATO ដាក់ពង្រាយ យោធា ឬហេដ្ឋារចនាសម្ព័ន្ធ យោធានៅលើទឹកដីហ្វាំងឡង់ ឬស៊ុយអែត។ សហរដ្ឋអាមេរិក និងបណ្ដាប្រទេសជាសមាជិក NATO ភាគច្រើនបានគាំទ្រឱ្យប្រទេស ទាំង២ចូល NATO ប៉ុន្តែតួកគីបានជំទាស់ ហើយការជំទាស់ នេះអាចនឹងក្លាយជាឧបសគ្គធំសម្រាប់ស៊ុយអែត និងហ្វាំងឡង់ ព្រោះសមាជិក NATO នីមួយៗ សុទ្ធតែ មានសិទ្ធិវេតូ៕