រុស្ស៉ី សម្រេចដកខ្លួនចេញពីក្រុមប្រឹក្សារដ្ឋសមុទ្របាល់ទិក


 (មូស្គូ)៖  តាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២ អោយដឹងថា ក្រសួងការបរទេសរុស្ស៊ីនៅថ្ងៃអង្គារនេះ បានប្រកាសពីការដកខ្លួនរបស់រុស្ស៊ី ចេញពី ក្រុមប្រឹក្សារដ្ឋនៅសមុទ្របាល់ទិក ដោយកត់សម្គាល់ថា ការដកខ្លួនចេញពីក្រុមប្រឹក្សានឹងមិនប៉ះ ពាល់ដល់វត្តមានរបស់ខ្លួននៅក្នុងតំបន់នោះទេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា «ដើម្បីឆ្លើយតបនឹងអរិភាព រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានផ្ញើលិខិតមួយទៅកាន់បណ្តារដ្ឋមន្ត្រីនៃប្រទេស ជាសមាជិក នៃក្រុមប្រឹក្សាសមុទ្របាល់ទិកដែលជាតំណាងជាន់ខ្ពស់ នៃសហភាពអឺរ៉ុបសម្រាប់កិច្ច ការបរទេស និងគោលនយោបាយសន្តិសុខ ក៏ដូចជាទៅកាន់លេខាធិការដ្ឋានក្រុមប្រឹក្សានៅទីក្រុង Stockholm ដោយបានជូនដំណឹងពួកគេអំពីការដកខ្លួនរបស់រុស្ស៉ីចេញពីអង្គការ។ ក្នុងពេលជាមួយ គ្នានោះសភាសហព័ន្ធរុស្ស៊ីក៏បានសម្រេចចិត្តដកខ្លួនចេញពីសភាសភាបាល់ទិកផងដែរ»

ក្រសួងបានគូសបញ្ជាក់ថាការសម្រេចចិត្តនេះនឹងមិនប៉ះពាល់ដល់វត្តមានរបស់រុស្ស៊ីនៅក្នុងតំបន់នោះទេ៕